ភ្នំពេញ៖ មិនធម្មតាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែររដូវកាលទី០២នាំមកជូនដោយ Ganzberg យប់មិញនេះ ពិតជាកក្រើក ម៉ោងប្រកួតមិនទាន់ដល់ផង តែអ្នកទស្សនាមកយ៉ាងច្រើនកុះករតែម្តង ឈររង់ចាំការប្រកួតចាប់ផ្តើម ។


ព្រឹត្តិការណ៍ Golden Boy Kun Khmer ដែលកីឡាករកម្ពុជាទាំង០៦រូបប៉ះជាមួយកីឡាករបរទេសទាំង៦រូបដែរ ការប្រកួតយ៉ាងជក់ចិត្តគ្រប់គូតែម្តង ដ្បិតគុនខ្មែរឈ្នះច្រើនក៏ពិតមែន ប៉ុន្តែឈ្នះយ៉ាងតានតឹង មានអ្នកខ្លះក្រសោបបានពានទាំងរបួសក៏មាន នេះទើបហៅថាប្រកួតប្រជែងពានពិសេសមែន។
លទ្ធផលដែលគួរឱ្យកោតសរសើរ ដោយជ័យជំនះទី០១ បានទៅលើកីឡាករអ្នកប្រយុទ្ធគោរមៈ ចាន់រាជ្រ បានផ្តាច់កីឡាករអ៊ីវ៉ាន់ ដោយវាយផង ទាត់ផងមិនសម្ចៃដៃឡើយ កីឡាករវ័យក្មេងរូបនេះល្អមែនទែន ធ្វើឱ្យអ្នកគាំទ្រស្រែកឡើងកងរំពង គ្រាន់តែប្រកួតបើកឆាកចូលមកដល់។
ចូលមកដល់ការប្រកួតរបស់កីឡាករមាស ប៊ុនថេន និង ដានីល សារីហ្សូណូវវិញ ក៏ជក់ចិត្តមិនធម្មតាដែរ លទ្ធផល៣ទឹកពេញកីឡាករ មាស ប៊ុនថេនធ្វើមិនសូវបានល្អឡើយ ដោយបច្ចេកទេសរបស់កីឡាករបរទេសរូបនោះល្អជាង កីឡករគុនខ្មែរយើងចូលកណ្តាប់ដៃច្រើន ធ្វើឱ្យបញ្ចប់លទ្ធផល៣ទឹកពេញ ដានីស ឈ្នះពិន្ទុលើមាស ប៊ុនថេន។


រីឯ អេអាំ ម៉ារីនវិញក៏នៅតែល្អ ផ្តាច់កីឡាករអ៊ីរ៉ង់ ខន អូវៃលី ដោយមិនអាចបន្តការប្រកួតបាន ត្រូវលោកអាជ្ញាកណ្តាលឃឹម សុជាតិ មិនឱ្យបន្តការប្រកួត ព្រោះគេបែកលោហិតច្រើនចេញពីលើចិញ្ចើម អាំម៉ារីន ក៏ក្រសោបបានពាន Golden Boy Kun Khmer ដោយការប្រកួតយ៉ាងមានឆន្ទះ ក្នុងការប្រកួត។
ចូលមកដល់គូប្រកួតរបស់កីឡាករ មេឃា នេះវិញ ក្បាច់ស្អាតទាំងគូ ការប្រកួតមហាកំពូលល្អមើល ៣ទឹកពេញប្តូរអាវុធ នាគវ័តកន្ទុយ កែងបក មួយចប់តែម្តង ពិតជាអស្ចារ្យសម្រាប់ការប្រកួត៣ទឹកពេញ កីឡាករគុនខ្មែរម៉ឺន មេឃា បានយកឈ្នះគូប្រកួតទាំងចំណាយកម្លាំងយ៉ាងចាស់ដៃ។
គូពេជ្រ សម្បត្តិវិញមហាតានតឹងទម្រាំបានជ័យជំនះទាំងត្រដាបត្រដួស វាយឡើងបែកលោហិតស្រោចជោគពេញខ្លួន បែកមិនដឹងជាប៉ុន្មានថ្នេរនោះទេ ក្រោយប្តូរអាវុធជាមួយកីឡាករជើងខ្លាំង បរទេសអាលី ខាន់ បញ្ចប់លទ្ធផល គេនៅតែធ្វើបានយ៉ាងល្អជាពិសេសការវាយកែងរបស់គេអស់ទាស់ឡើងបរទេសខ្លាច ផ្លែកែងជ័យជះ ហើយលទ្ធផលពានរង្វាន់បានទៅលើកីឡាករពេជ្រ សម្បត្តិ ដោយអ្នកគាំទ្រពេញចិត្តជាខ្លាំង។
ចូលដល់គូធឿន ធារ៉ាវិញ ផ្លែកែងនៅតែល្អ វាយសម្រុកមិនសម្ចីដៃឡើយ វាយឡើងដៃគូបែករុំបង់ក្បាល បែកធ្ងន់ធ្ងរពេក លទ្ធផល៣ទឹកពេញ អ្នកលេងពូថៅដៃពិឃាតគុនខ្មែរ ក៏ទទួលជ័យជំនះក្លាយជាម្ចាស់ពានរង្វាន់ព្រហ្មមុខបួនកម្មវិធី Ganzberg Golden Boy Kun Khmer៕

ដោយ៖ វិកគី

