ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលកីឡាករ ខុន បូឡា ចូលលេង និងប្រកួតដណ្តើមពានរង្វាន់ក្នុងកម្មវិធីម៉ាសហ្វៃរបស់ស្ថានីយ៍ទូរទស្សន៍ថោន ដោយរូបគេធ្វើបានយ៉ាងល្អទាំងការវាយ និងបច្ចេកទេសក្នុងវគ្គផ្តាច់ព្រ័ត្រនេះ តែមានការសោកស្តាយយ៉ាងខ្លាំង ដែលពានរង្វាន់ដ៏ស្រស់ស្អាតនេះបានទៅលើកីឡាករសឹង្ហ ឡេងវិញ ដោយសារតែរូបគេភ្លាត់ស្នៀតប្រកួតខុសលក្ខន្តិកៈ គុនខ្មែរ ។


កីឡាករខុន បូឡា បានឆ្លងកាត់ការប្រកួតជម្រុះជុំទី០១ ឡើងទៅការប្រកួតជុំទី០២ប៉ះជាមួយកីឡាករវ័យក្មេងសឹង្ហ ឡេង បទពិសោធន៍ប្រជែងពានរបស់គេលើសង្វៀនទូរទស្សន៍ថោនមានច្រើន ប៉ុន្តែបើនិយាយពីសមត្ថភាព និងភាពស្វិតរបស់គេនៅចាញ់ បូឡា ច្រើន ។


ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតយ៉ាងតានតឹងបានបញ្ចប់ត្រឹមទឹក៣នៅចុងទឹកដោយកីឡាករខុន បូឡាត្រូវរបូតពានរង្វាន់ នៅពេលដែលវាយ និងប្រើជង្គង់ស្របពេលដែលជើងដៃគូម្ខាងទៀតចូលដល់តាបពីខុសលក្ខណៈបច្ចេកទេសនៃការប្រកួតប្រដាល់គុនខ្មែរដោយអចេតនា។ ដូច្នេះគណៈកម្មការក៏សម្រេចប្រគល់ជ័យជំនះឱ្យទៅកីឡាករ សឹង្ហ ឡេង ដែលមកពីក្លឹបអេភូថងកីឡាក្លាយជាម្ចាស់ពាន អមជាមួយទឹកប្រាក់៦លានរៀល ពីកម្មវិធីដែលឧបត្ថម្ភដោយ Cambodia Beer៕

ដោយ៖ វិកគី

