បាញ់គ្នាដូចថតរឿង ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមេខ្លោងបាញ់តដៃជាមួយសមត្ថកិច្ចនោះ នៅទីបំផុត ឃាត់ខ្លួនបានម្នាក់

ខេត្ដកណ្ដាល ៖ សមត្ថកិច្ចខេត្តកណ្តាល ប្រើពេលជាច្រើនម៉ោង និងឡោមព័ទ្ធជាច្រើនម៉ោង ចាប់តាំងពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងជនសង្ស័យជាមេខ្លោងបានប្រើកាំភ្លើងអាកាបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនោះ នៅទីបំផុត បានចាប់ឃាត់ខ្លួនជនដៃដល់ជាមេខ្លោងម្នាក់ ប្រកបដោយជោគជ័យ និងសុវត្ថិភាព ស្ថិតក្នុង ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យជាមេខ្លោងគ្រឿងញៀននេះឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត។ ពេលកំពុងលាក់ខ្លួន មេខ្លោងរូបនេះ បានផ្ទុះអាវុធជាច្រើនគ្រាប់មកលើសមត្ថកិច្ចក៏ដោយ និងលួងលោមឲ្យជនសង្ស័យប្រគល់អាវុធជូនសមត្ថកិច្ច ដោយលើកទឹកចិត្តផ្ដល់រង្វាន់ថែមទៀត។

ដំណាក់កាលដំបូង សមត្ថកិច្ចបានលួងលោម រំដោះបានប្រពន្ធ និងកូនរបស់ជនសង្ស័យ ចេញពីទីតាំងលាក់ខ្លួន ដើម្បីបញ្ចៀសកុំឲ្យជនសង្ស័យយក ប្រពន្ធ-កូន ធ្វើជាចំណាប់ខ្មាំងគំរាមមកលើសមត្ថកិច្ច និងបានលួងលោមឲ្យប្រពន្ធជនសង្ស័យទូរសព្ទទៅកាន់ជនសង្ស័យបញ្ចុះបញ្ចូលឲ្យជនសង្ស័យចូលសារភាព ពោលគឺ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានរៀបចំផែនការនេះ ដោយកំណត់ថា ធ្វើយ៉ាងណាឃាត់ខ្លួនមេខ្លោងគ្រឿងញៀនឲ្យបានជោគជ័យ និងមិនឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ឡើយ។

ក្នុងហេតុការណ៍នេះជនសង្ស័យបានដុតផ្ទះដែលគេលាក់ខ្លួន ដើម្បីជាការបំភ័ន្តសមត្ថកិច្ច ខណៈដែលកម្លាំងសមត្ថកិច្ចមួយចំនួន បានទៅបង្កប់ខ្លួនក្នុងផ្ទះឪពុក-ម្ដាយ របស់ជនសង្ស័យរួចហើយ។ លុះពេលជនសង្ស័យបានរត់ចេញពីផ្ទះដែលឆេះ ទៅសំងំលាក់ខ្លួនក្នុងផ្ទះឪពុក-ម្ដាយរបស់គេនោះ ក៏ត្រូវសមត្ថកិច្ចសង្គ្រប់ជាប់តែម្ដង គឺឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីព្យាបាល និង នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ បន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យដែលបានពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀននេះជាបន្តទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២