ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈនារីជាសង្សារបានយកកាំបិតចុងស្រួចសម្លាប់នៅក្នុងបន្ទប់ជួល នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌបានចុះទៅដល់ទីតាំងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នារីជាសង្សារក្នុងករណី ដែលប្រើកាំបិតចុងស្រួច ចាក់ជនរងគ្រោះ ចំក្បាលពោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យនារីជាសង្សារូបនោះយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។នារីជាជនសង្ស័យនោះមានឈ្មោះ ជឹម ស្រីអូន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។

ក្រោយពីសាកសួរជនសង្ស័យនារីជាសង្សារបានឆ្លើយថា នៅមុនពេលកើតហេតុរូបនាងនិងបុរសខាងលើមានទំនាស់ពាក្យសំដីបន្តិចបន្ទូច ដោយសារតែនាងបានដឹងរឿងថា បុរសជាសង្សារអាចលួចលាក់មានអ្នកផ្សេងធ្វើឲ្យនាងកើតការខឹងពិបាកចិត្តក៏សម្រេចយកកាំបិតចុងស្រួចបំណងចាក់សម្លាប់ខ្លួនឯង ប៉ុន្តែនៅពេលនោះ បុរសជាសង្សារក៏បានស្ទុះមកចាប់នាងប្រតាយប្រតប់គ្នាធ្វើឲ្យចុងកាំបិតជ្រុលមុតត្រូវពោះបុរសជាសង្សារបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ដោយឡែកជនរងគ្រោះមានឈ្មោះ បុង សារិក ភេទប្រុស អាយុ៣៧ឆ្នំា ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ស្លាប់) ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពបុរសខាងលើត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តតាកែវ៕

ដោយ៖ វិសាល

