គម្រោងវិនិយោគចំនួន៧ មានទំហំទឹកប្រាក់វិនិយោគប្រមាណជា៣៥០លានដុល្លារបានស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើរសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរសុំចុះបញ្ចីវិនិយោគលើគម្រោងទាំង៧នេះ បានប្រព្រឹត្តទៅ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីទី២៤ ខែសីហា ឆ្នាំ២០២៦។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណជា ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោមនេះ៖

**វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ។

 

** វិស័យឧស្សាហកម្មចំនួន ៣គម្រោង រួមមាន៖

  1. គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ
  2. គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និង
  3. គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។

 

**វិស័យទេសចរណ៍ចំនួន ១គម្រោង៖ គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។

** វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖

  1. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០មេហ្គាវ៉ាត់។
  2. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។

 

 

គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង៕

  

ដោយ៖ វិចិត្រ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២