ភ្នំពេញ៖ Wurkz ឧបត្ថម្ភជូនកីឡាករ ធន់ បុរី នូវថវិការចំនួន១០លានរៀល សម្រាប់ការព្យាបាលរបួសទាំងស្រុង ដែលកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៦នេះ។


តាមរយៈលោកធី សុកល ប្រធាននាយកដ្ឋាន ប្រតិបត្តិការ និងផលិតកម្ម តំណាងក្រុមហ៊ុនខ្មែរប៊ែរវើរីជីសបានដឹកនាំក្រុមការងារចុះទៅដល់ក្លឹបរបស់លោកធន់ សុភាផ្ទាល់ ដោយនាំយកថវិកាទៅផ្ដល់ជូនកីឡាករធន់ បុរី ដែលរងរបួសបាក់ឆ្អឹងថ្គាម បន្ទាប់ពីប្រកួតចាញ់ បឺត ថ្មដា ក្នុងទឹកទី១ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ពេលនោះគឺកីឡាកររូបនេះត្រូវបាក់ថ្គាមធ្ងន់ធ្ងរឈានដល់ការវះកាត់ទៀតផង និងត្រូវសម្រាកព្យាបាលចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំទើបអាចវិលមករកវិស័យគុនខ្មែរវិញបាន។
នៅលើបណ្ដាញសង្គម និងអ្នកតាមដានប្រដាល់គុនខ្មែររួមទាំងកីឡាករគុនខ្មែរមួយចំនួនបានឧបត្ថម្ភថវិកា និងផ្ញើសាលើកទឹកចិត្តដល់កីឡាករ ធន់ បុរី ផងដែរឲ្យឆាប់បានជាសៈស្បើយពីរបួសមួយនេះនឹងឆាប់បានវិលត្រឡប់មកហ្វឹកហាត់ឡើងវិញនៅថ្ងៃខាងមុខ។
សូមជម្រាបផងដែរថា ធន់ បុរី បានរងរបួសបាក់ឆ្អឹងថ្គាមភ្លាមៗក្រោយប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស ជាមួយកីឡាករ បឺត ថ្មដា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីចូលស្នៀតជង្គង់ហោះនៅដើមទឹកទី១របស់កីឡាករ បឺត ថ្មដា។ ជង្គង់ហោះស្ដាំរបស់ បឺត ថ្មដា ចូលពេញថ្គាមខាងឆ្វេងរបស់ ធន់ បុរី តែម្តង ធ្វើឲ្យរូបគេត្រូវមន្ត្រីគ្រប់គ្រងការប្រកួតបញ្ឈប់ភ្លាមៗតែម្ដងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាននៅសង្វៀនថោន។
ហេតុដូច្នេះហើយទើប Wurkzមើលឃើញពីទុក្ខលំបាកនិងការខិតខំរបស់កីឡាករ ក៏ដូចជាចង់បន្តលើកទឹកចិត្តទៅកាន់កីឡាករដែលមានបញ្ហារបួសកុំឱ្យបាក់ទឹកចិត្តបន្តទៅមុខ ទើបថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ដែលមានអ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនផ្ទាល់ បានសម្រេចចិត្តជួយការព្យាបាលទាំងស្រុងព្រមទាំងថវិកាលើកទឹកចិត្តនេះដោយផ្ទាល់ ដើម្បីជាការលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរយើង៕

ដោយ៖ វិកគី

