ពូលមហាតាន់ ដែលអ្នកគាំទ្របានទន្ទឹងរង់ចាំនោះនឹងមកដល់នាចុងសប្តាហ៍នេះហើយ សុទ្ធតែជើងខ្លាំង

ភ្នំពេញ៖ សប្តាហ៍នេះដឹងតែកក្រើកសង្វៀនទៀតហើយ ជាពិសេសជំនួបសន្សំពិន្ទុវិលជុំដណ្ដើមខ្សែក្រវ៉ាត់ ការប្រកួតពូលA ជុំទី១នឹងមកដល់ថ្ងៃអាទិត្យ ទី0៦ ខែកញ្ញាខាងមុខនេះហើយ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្មវិធីចាប់ផ្តើមពីម៉ោង 3:00 រសៀលតទៅ ចូលរួមទស្សនាដោយសេរី ។

នៅក្នុងសប្តាហ៍នេះ ជាការប្រកួតរវាងកីឡាករកំពុងពេញឡើងជើងថ្មីចិត្រ សុភី កីឡាករដែលមានកែងនិងជើងល្អត្រូវប៉ះជាមួយកីឡាករភក្តី ដាលីន ដែលជាកីឡាករស្វិត ហើយមានអាវុធល្អ និងធន់ នៅក្នុងការប្រកួតចុងសប្តាហ៍នេះ។ អ្នកទាំងពីរ សុទ្ធតែមានបទពិសោធន៍នៅលើសង្វៀនច្រើនដូចគ្នា ការជួបគ្នាលើកនេះមិនមែនជារឿងងាយស្រួលនៅក្នុងការយកពិន្ទុឡើយ។

មួយគូទៀតនៃជំនួបសន្សំពិន្ទុដណ្តើមខ្សែក្រវ៉ាត់នេះគឺជាការជួបគ្នារវាងអ្នកលេងអាវុធចិត្តសាស្រ្តមហាតាន់ ឡុង ឡា ទាំងបទពិសោធន៍ បច្ចេកទេស ស្នៀតនៃការប្រយុទ្ធ កីឡាកររូបនេះមកជាកញ្ចប់តែម្តង ដោយរូបគេត្រៀមប៉ះជាមួយកីឡាករ ពុយ ឡាយ អ្នកប្រយុទ្ធមុខស្ងួត កណ្ដាប់ដៃដែក រហ័ស ការវាយច្បាស់ ដូច្នេះការប្រកួតរវាងអ្នកទាំងពីរលើកនេះ ក៏ដឹងតែកក្រើកដែរ។

សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាតើ រវាងកីឡាករទាំង 4 រូបនេះ តើកីឡាកររូបណាទទួលបានជ័យជំនះនៅក្នុងសប្តាហ៍នេះ។ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងផេកCambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២