ខ្ចីម៉ូតូមិត្តភ័ក្តិថាមួយភ្លែត តែទៅបាត់ជិត១ខែ ម្ចាស់ខំដើររកគ្រប់ទីកន្លែង ស្រាប់តែឃើញនៅក្នុងព្រៃកំពុងសម្ងំជក់ថ្នាំញៀន

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មានករណីរំលោភទំនុកចិត្តមួយបានកើតឡើងកាលពីដើមខែសីហា រហូតមកដល់ដើមខែកញ្ញានេះទើបសមត្ថកិច្ចបំបែកសំណុំរឿងបាន តាមរយៈការផ្ដល់ព័ត៌មានរបស់ជនរងគ្រោះ។

បើតាមមន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទី នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះមានឈ្មោះ រឹម កហ្វី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា កម្មករ ។ ហើយជនសង្ស័យមានឈ្មោះ សំ មាស ហៅ អាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ដោយជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។

សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហុងដាសង់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ឡើងសេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ ១L-៨២៩២ (របស់ជនរងគ្រោះ)។

កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង៣០នាទី ជនរងគ្រោះបានសម្រាកនៅផ្ទះរបស់ខ្លួននៅសង្កាត់ព្រែកហូរ។ បន្ទាប់មកជនសង្ស័យដែលស្គាល់គ្នាជាអ្នកជិតខាងរាប់អានគ្នា បានសុំខ្ចីម៉ូតូថា យកទៅធ្វើការនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅមួយភ្លែត ហើយជនរងគ្រោះក៏យល់ព្រមឱ្យខ្ចី ហើយជនសង្ស័យក៏ជិះទៅ ដោយមិនឃើញយកមកវិញ។

ពេលនោះជនរងគ្រោះក៏បានស្វែងរកមិនឃើញ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរឱ្យជួយស្វែងរក។ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យកំពុងតែជក់គ្រឿងញៀននៅក្នុងព្រៃស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទរាយការណ៍ទៅប៉ុស្តិ៍កំពង់សំណាញ់ ក៏ដឹកនាំកម្លាំងចុះមកយកជនសង្ស័យបទៅសួរនាំនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះជិះយកទៅធ្វើការ ហើយក៏យកទៅលក់ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២