ភ្នំពេញ៖ កីឡាករគុនខ្មែរ ទាំង៣រូបបានចេញទៅប្រកួតលក្ខណៈ Kickboxing នៅឯប្រទេសជប៉ុន KNOCK OUT- BLACK នៅម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញានេះ ដើម្បីត្រៀមប្រកួតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅម៉ោង ៣និង៥០រសៀល(ម៉ោងនៅកម្ពុជា)។


នេះគឺជាព្រឹត្តិការណ៍ដ៏តានតឹងសម្រាប់អ្នកប្រយុទ្ធក្បាច់គុនយើងដែលនឹងត្រូវជួបសុទ្ធតែកីឡាករលំដាប់នៅលើសង្វៀនKnock Out ដ៏មានប្រជាប្រិយភាពរបស់ប្រទេសជប៉ុនជាការប្រកួតលក្ខណៈ Kick Boxing។
ក្នុងការប្រកួតនៅប្រទេសជប៉ុន នាចុងសប្តាហ៍នេះ កីឡាករអ្នកប្រយុទ្ធជង្គង់ហោះវ័យក្មេង អេ អាំម៉ារីនភូថង ត្រូវជួបប្រកួតជាមួយអ្នកចម្បាំងជប៉ុន ធីរ៉ាស៊ីម៉ា ហ៊ីការុ ។ ចំណែក ម៉ឺន មេឃានឹងត្រូវជួបតតាំងជាមួយ រីគីតូ កីឡាករសាច់ស្វិតជប៉ុន ។ហើយកម្លោះសង្ហាវ័យក្មេង អ្នកលេងក្បាច់គុនគោរមះ ចាន់រាជ ក៏ត្រូវធ្វើការធ្ងន់ដែរ ដោយប៉ះជាមួយកីឡាករជប៉ុន លីអូណា ភេតៈ ដែលនឹងប្រកួតនៅទីក្រុង YOKOHAMA BUDOKAN ប្រទេសជប៉ុន។
សម្រាប់កីឡាករ អេ អាំម៉ារីនវិញ នេះជាលើកទីមួយហើយដែលរូបគេប្រកួត KickBoxing ក្រៅប្រទេស តែហាត់ត្រៀមបានល្អណាស់។ចំណែកឯម៉ឺន មេឃា ថាពេញល្អគ្រប់លក្ខណៈ ដើម្បីបង្ហាញសមត្ថភាពលើសង្វៀនKnockOut ប្រទេសជប៉ុន។ ដោយឡែក សម្រាប់គូ គោរមៈ ច័ន្ទរាជ្យ ជាគូពិសេស បើឈ្នះសន្លប់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៥០ម៉ឺនយ៉េនពីសង្វៀនKnockOut នេះជាឱកាសថ្មីសម្រាប់កីឡាករវ័យក្មេងដែលតែងតែធ្វើបានល្អក្នុងសង្វៀនក្រៅប្រទេស។
កុំភ្លេចរង់ចាំទស្សនាជាកម្លាំងចិត្តជូនទៅដល់កីឡាករគុនខ្មែរយើងដើម្បីជាកម្លាំងចិត្ត ទទួលជ័យជំនះមកវិញនៅលើសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះ នៅប្រទេសជប៉ុន ៕

ដោយ ៖ វិកគី

