បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូចាប់ហ្វ្រ័ងដួលចូលក្រោមរថយន្តដឹកប្រេងបណ្តាលឱ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូអកសឺជាមួយរថយន្តចតខាងមុខចាប់ហ្វ្រ័ងបង្ខំដួលចូលក្រោមកង់រថយន្តដឹកប្រេងមួយគ្រឿងទៀត បណ្តាលឲ្យកិនស្លាប់ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះភេទប្រុសវ័យប្រហែល៦០ឆ្នាំជាង។

ចំណែកអ្នកបើកបររថយន្តដឹកប្រេងឈ្មោះសារិន សារ៉ន ភេទប្រុសអាយុ៣១ ឆ្នាំ បើកបររថយន្តដឹកប្រេង ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែន ជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកប្រេង ពាក់ស្លាកលេខភ្នំពេញ3F 6332 ធ្វើដំណើរស្របគ្នា(ទន្ទឹមគ្នា)ជាមួយម៉ូតូម៉ាកឃ្លីក ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HV 5740 លុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូអកសឺជាមួយរថយន្តមួយគ្រឿងទៀតនៅខាងមុខដែលចតនៅលើចិញ្ចើមផ្លូវ ក៏ចាប់ហ្វ្រ័ងបង្ខំរអិលដួលចូលក្រោមកង់រថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានាពេលក្រោយ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២