ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបញ្រ្ចាស់ផ្លូវត្រូវរថយន្តមួយគ្រឿងបើកមកផ្លូវត្រង់បុកពេញទំហឹងអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងបញ្រ្ចាស់ផ្លូវ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2CI-8071 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកផ្លូវត្រង់ទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបានចុះគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ វិសាល

