ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរការផលិតកម្មរបស់ខ្លួន បន្ទាប់ពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធរកឃើញថា ក្រុមហ៊ុននេះមិនទាន់បានចាត់វិធានការគ្រប់គ្រងសំណល់រាវមិនទាន់បានត្រឹមត្រូវ

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមកពីមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរសុខាភិបាល មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកដងទង់ ខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារបានបន្តពិនិត្យឃើញថាក្រុមហ៊ុន បានដំណើរការដោយគ្មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។ ក្រុមហ៊ុនគ្មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានដឹកចេញដោយពុំមានលិខិតអនុញ្ញាត។ កន្លងមកនេះក្រុមការងារ ក្រសួងបរិស្ថាននិងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធ្លាប់បានចុះពិនិត្យ និងតម្រូវឱ្យក្រុមហ៊ុន អនុវត្តតាមវិធានការច្បាប់និងបទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្ត។

ក្រសួងបរិស្ថានដាក់ចេញវិធានការចំពោះក្រុមហ៊ុន ដោយបន្តឱ្យផ្អាកដំណើរការផលិតកម្ម បញ្ចេញសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថានក៏បានតម្រូវឱ្យក្រុមហ៊ុន សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងអនុវត្តស្របតាមច្បាប់ ក៏ដូចជាក្រមបរិស្ថាន និងធនធានធម្មជាតិ ឱ្យបានខ្ជាប់ខ្ជួន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវបូមសំណល់រាវ ដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ និងត្រូវកាយដីភក់នៅទីតាំងដែលបានចាក់សំណល់រាវ នៅស្រុកដងទង់ មកដាក់ក្នុងទីតាំងក្រុមហ៊ុនវិញ ឱ្យបានរួចរាល់មុនថ្ងៃទី២២ ថ្ងៃកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើស យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២