ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបង្ហាញសក្តានុពលអស្ចារ្យអាចឱ្យទស្សនិកជនចូលទស្សនាលីគកំពូលកម្ពុជា ជាងប្រាំពីរពាន់នាក់ក្នុងថ្ងៃបើកសម្ពោធកីឡដ្ឋានថ្មីដ៏ស្រស់ស្អាត

ភ្នំពេញ៖ ពិតជាអភិវឌ្ឍខ្លាំងមិនធម្មតានាំបាល់ទាត់ទៅកាន់ភាពអស្ចារ្យ ក្រោយក្លិបបាល់ទាត់ព្រះខ័នស្វាយរៀង បើកបង្ហាញកីឡដ្ឋានថ្មីយ៉ាងស្រស់ស្អាត បានទាក់ទាញទស្សនិកជនចូលទស្សនាបាល់ទាត់លីគកំពូលកម្ពុជារហូតដល់ ៧៤៩៥នាក់ ដែលជាចំនួនដ៏ច្រើនបំផុតកម្រនឹងមាន កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នាចុងសប្តាហ៍កន្លងទៅនេះ។

ពិធីសម្ពោធកីឡដ្ឋានថ្មីរបស់ព្រះខ័នរាជស្វាយរៀងក្រោមវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងពិធីកាត់ខ្សែបូរសម្ពោធទីលានកីឡដ្ឋានថ្មី ប្រកបដោយភាពជោគជ័យនិងក្តីមោទន ក្នុងជំនួបបើកឆាកនាមជាម្ចាស់ផ្ទះទល់នឹងក្រុមកងយោធពលខេមរភូមិន្ទ ដោយម្ចាស់ផ្ទះស្វាយរៀងបានយកឈ្នះក្នុងលទ្ធផល៤ទល់នឹង០ នៃព្រឹត្តិការណ៍លីគកំពូលរដូវកាល២០២៦/២០២៧ សប្តាហ៍ទី ២ ។

កីឡដ្ឋានថ្មីរបស់ក្លិបបាល់ទាត់ជើងខ្លាំងមួយនេះត្រូវបានក្លាយទៅជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់កម្ពុជា ដោយសារតែភាពច្នៃប្រឌិត នៃការរចនាយ៉ាងស្រស់ស្អាត ហាក់បីដូចជាកីឡាដ្ឋាននៅបរទេស បង្អួតសម្រស់នាពេលរាត្រី អមជាមួយនឹងការតុបតែងសម្ភារៈទំនើបៗ ស្របតាមស្តង់ដាបច្ចេកទេសក្លិបបាល់ទាត់អាជីព ដែលមានស្មៅធម្មជាតិយ៉ាងស្រស់ស្អាត បង្ហាញពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ។

ដោយឡែកអ្នកគាំទ្របង្ហាញការពេញចិត្តជាខ្លាំងចំពោះវត្តមាននៃកីឡដ្ឋានថ្មី និងការរៀបចំយ៉ាងល្អឥតខ្ចោះ តាមបែបទំនើប ព្រមជាមួយនឹងកៅអីបន្ថែមជុំវិញទីលានអាចឱ្យអ្នកចូលទស្សនាបានកាន់តែច្រើន បង្កើតអនុស្សាវរីយ៍ ថាមពលគាំទ្របាល់ទាត់កាន់តែប្រសើរនិងរីករាយបន្ថែម។

គួរជម្រាបផងដែរថា ព្រះខ័នរាជស្វាយរៀង មានឈ្មោះដំបូងថា ក្លិបបាល់ទាត់គ្រុឌបៃតង ពីឆ្នាំ១៩៩៧-២០០៧, មានឈ្មោះថា ក្លិបព្រះខ័នរាជ ពីឆ្នាំ២០០៨-២០១២, ក្រោយមកប្ដូរឈ្មោះមក ស្វាយរៀង ពីឆ្នាំ២០១៣-២០១៥ និងព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ហើយក៏បានក្លាយជាក្រុមដ៏មានសក្តានុពលមួយនៅក្នុងបាល់ទាត់កម្ពុជា គ្រងជើងឯកពានរង្វាន់ធំៗជាច្រើន ព្រមទាំងក្លាយជាក្រុមបាល់ទាត់តំណាងកម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិផងដែរ ៕
       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២