ក្រុមហ៊ុនថោនគ្រុបចូលរួមឧបត្ថម្ភថវិការចំនួន៤០លានរៀល ទៅកាន់កម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ និងបានរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំនៅទីនោះថែមទៀត

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងស្មារតីខ្មែរតែមួយជាមួយកម្មវិធី”បេះដូងសប្បុរសដើម្បីភូមិរង់ចាំ”ដែលរៀបចំឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន ថោន គ្រុបបានចូលរួមឧបត្ថម្ភថវិការចំនួន៤០លានរៀល ដើម្បីជួយទ្រទ្រង់ទៅដល់បងប្អូនភៀសសឹកដែលកំពុងតែរស់នៅទីនោះ។

ឯកឧត្តមវ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ាជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ព្រមទាំងកីឡាក រកីឡាការិនីគុនខ្មែរ ចុះទៅភូមិរង់ចាំដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមរៀបចំការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរនៅទីនោះ នាំយកផ្ទាំងទស្សនីយភាពដ៏រីករាយទៅកាន់បងប្អូនអ្នកភូមិរង់ចាំ រួមជាមួយបងៗ និងប្អូនៗ ពាំនាំការសួរសុខទុក្ខ ភាពកក់ក្តៅ កម្លាំងចិត្ត និងក្តីស្រឡាញ់ពីអ្នកនៅជួរក្រោយ ចំពោះអ្នកភូមិរង់ចាំ។

បងប្អូនអ្នកភូមិរង់ចាំទាំងអស់ តែងតែទទួលបានការគិតគូយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ចំពោះសុវត្ថិភាព ជីវភាព និងសុខុមាលភាពគ្រប់ពេលវេលា ស្របពេលជាមួយក្តីនឹករលឹក ស្មារតី និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី។

តាមរយៈ ស.ស.យ.ក. និងកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» យើងទាំងអស់គ្នាបាននាំយកថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗ ដែលជាការបរិច្ចាគពីសប្បុរសជននានា ដល់បងប្អូនប្រជាពលរដ្ឋ និង ក្មួយៗសិស្សានុសិស្ស នៅភូមិរង់ចាំ។រយៈពេល ២ថ្ងៃនៅភូមិរង់ចាំ គឺជាពេលវេលាដ៏មានអត្ថន័យ ពោរពេញដោយមនោសញ្ចេតនា មិនអាចបំភ្លេចបាន។

ការជួបជុំស្នាក់នៅ និងចែករំលែកជាមួយបងប្អូនអ្នកភូមិ ពីការស្វាគមន៍យ៉ាងស្និទ្ធស្នាល ការភ្លក់ម្ហូបស្នាដៃអ្នកភូមិ ការជជែកស្តាប់ពីការរស់នៅ និងជួយយកអាសាគ្នា គឺពិតជាអនុស្សាវរីយ៍ដ៏ល្អ។ ជាមួយក្មួយៗ យើងក៏បានជួបជុំតាមរយៈសកម្មភាពហ្វឹកហាត់បាល់ទាត់ (Football Clinic) និង បណ្ណាល័យ ប៉ា ម៉ានី ផងដែរ។«ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដោយបានរៀបចំទីតាំង និងសាងសង់លំនៅឋានបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី ដោះស្រាយតម្រូវការបន្ទាន់ចំពោះមុខ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសមរម្យ និងកក់ក្តៅ។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់ទីតាំងនេះ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ និងបានប្រសិទ្ធនាមឈ្មោះថា «ភូមិរង់ចាំ» ដែលបានបញ្ជាក់ថា ការឈ្លានពានដែលយើងបានរងគ្រោះមិនទាន់បានបញ្ចប់នោះទេ ហើយការតស៊ូទាមទារទឹកដីដែលជាភូមិស្ថានស្របច្បាប់របស់បងប្អូន ប្រជាពលរដ្ឋយើង ក៏នៅតែបន្ត។

ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។ សូមបន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ព្រមទាំងគាំទ្រជំហរ និងរាល់ចំណាត់ការក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

ការចូលរួមយ៉ាងកុះករពីសំណាក់ដៃគូសហការទាំងអស់ គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលធ្វើឱ្យការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ៖ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» អាចប្រព្រឹត្តទៅបានដោយជោគជ័យយ៉ាងត្រចះត្រចង់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មិនត្រឹមតែស្តែងចេញពីស្មារតីសាមគ្គីភាព និង «វប្បធម៌នៃការចែករំលែក» ដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកផ្ទាល់ក្នុងការកៀរគរជំនួយ ដើម្បីនាំយកក្តីសង្ឃឹម និងការសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋនៅ ភូមិរង់ចាំ ប្រកបដោយភាពកក់ក្តៅបំផុត៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២