សាលឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនវៀតណាម៣នាក់ ក្នុងសំណុំរឿងគ្រឿងញៀនជាង២៥គីឡូក្រាមនៅដើមសប្តាហ៍ក្រោយ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះបានបើកសវនាការជម្រះលើបណ្តឹងឧទ្ធរណ៍របស់ជនជាតិវៀតណាម ចំនួន ៣នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ជាង ២៥ គីឡូក្រាម។

ជនជាប់ចោទទាំង ៣នាក់ ខាងលើនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ២៥គីឡូក្រាម ព្រមទាំងសារធាតុគីមីផ្សំជាង ៨១គីឡូក្រាម។

យោងតាម ដីការបស់ តុលាការ បានឱ្យដឹងថា ពិរុទ្ធជនទាំង៣ រូបនេះរួមមាន៖ ទី១- ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម។ ទី២- ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម និងទី៣- ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម។

ពួកគេទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីខែមេសា ឆ្នាំ២០២៥ ដោយដាក់ពន្ធនាគារ ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិន័យជាប្រាក់ចំនួន ១០០ លានរៀល ក្នុងម្នាក់ៗ ដាក់ចូលជា ថវិកាជាតិ និង ត្រូវជាប់ចោទពីបទ៖រក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀន រួមមាន៖ MDMA ទម្ងន់ ១៥,៤៧៧.៦៨ក្រាម, មេតំហ្វេតាមីនប្រភេទ ICE ទម្ងន់ ២,៣៦៧.៣១ក្រាម, កេតាមីន ទម្ងន់ ៧,២២៦ក្រាម និងហេរ៉ូអ៊ីន ទម្ងន់ ៣១.២១ក្រាម។សរុប គ្រឿងញៀនដែលត្រូវបានរឹបអូសមានទម្ងន់ ២៥,១០២.២ក្រាម ឬជាង ២៥.១គីឡូក្រាម។

ចំណែកសារធាតុគីមីផ្សំដែលសមត្ថកិច្ចរឹបអូសបាន មានទម្ងន់សរុប ៨១,៤៩០.៨៤ក្រាម ឬជាង ៨១.៤គីឡូក្រាម។សំណើរឿងក្តីឧក្រិដ្ឋនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២