ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្តវិលត្រឡប់ចូលសង្វៀនវិញ ហើយប្រកួតលក្ខណៈអំបោះឆៅកាលពីពេលថ្មីៗនេះ កាន់តែធ្វើឲ្យយ៉ានុតមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងបន្ថែមទៀត។


មហាជនបានលាន់មាត់សរសើរពីភាពរឹងមាំ និងការតស៊ូ ជាពិសេសឆន្ទៈជាកីឡាការិនីប្រដាល់គុនខ្មែររបស់នាង ។ ដ្បិតអាជីពមួយនេះមានការលំបាក ហើយកម្រនឹងមាននារីៗចាប់យក និងចូលប្រឡូកក្នុងវិស័យក្បាច់គុនបុរាណខ្មែរនោះ ក៏ប៉ុន្តែដោយមានឈាមជ័រជាអ្នកប្រយុទ្ធតាំងពីកំណើត កីឡាការិនីរូបនេះ ក៏សម្រេចចិត្តចូលប្រឡូកក្នុងពិភពគុនបុរាណខ្មែរតាំងពីកុមារភាព។
មិនមែនជារឿងងាយស្រួលសម្រាប់កីឡាការិនីនៅក្នុងវិស័យមួយនេះ តែនាងបានធ្វើឲ្យឃើញថា ដរាបណានាងមិនបោះបង់គឺនៅតែអាចធ្វើបាន ។ យ៉ានុតត្រូវបានចាត់ថា ជាកីឡាការិនីគំរូ១រូប និងមានប្រជាប្រិយភាព ដោយសារតែក្បាច់គុន និងភាពក្លាហានរបស់នាង នៅលើសមរភូមិប្រយុទ្ធក្បាច់គុន។


ការប្រកួតជាច្រើនលើកមានចាញ់ មានឈ្នះ ប៉ះកីឡាការិនីបរទេសសុទ្ធតែជើងខ្លាំង តែនាងបានចូលរួមចំណែកផ្សព្វផ្សាយគុនខ្មែរជាច្រើនលើកក្នុងនាមជាកីឡាការិនីក្បាច់គុនបុរាណខ្មែរទៅកាន់អន្តរជាតិ ។
កីឡាការិនីគុនខ្មែររូបនេះត្រូវបានក្លាយទៅជាស្ត្រីឆ្នើមមួយរូបដែលជាគំរូទៅដល់ស្ត្រីដទៃទៀត ដែលមានបំណងចង់ចាប់យកអាជីពមួយនេះ មិនថាទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចធ្វើបាន ដរាបណាយើងមិនបោះបង់៕

ដោយ៖ វិកគី

