គណៈប្រតិភូស្ថានីយ៍ទូរទស្សន៍ថោនដឹកនាំដោយឯកឧត្តម វ៉ា សុធា សហស្ថាបនិកក្រុមហ៊ុន ថោនគ្រុប និងលោក Christopher Francois ប្រធានរោងចក្រ Boostrong បានចូលជួបប្រជុំជាមួយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីធ្វើបទបង្ហាញស្តីពីការរៀបចំព្រឹត្តិការណ៍ ភិមានអាកាស Boostrong KUN Khmer x Fight Clubbing ដែលមានការប្រកួតក្បាច់គុនដ៏អស្ចារ្យនៅតំបន់រមណីយដ្ឋានអង្គរនាចុងសប្តាហ៍ក្រោយនេះ។


នៅក្នុងឱកាសនោះ លោក Tommy Kim តំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ថោន ហ្វូលអេចឌីថីវីបានធ្វើបទបង្ហាញជូនគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ ភិមានអាកាស Boostrong KUN Khmer x Fight Clubbing ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីលានព្រះពន្លាជល់ដំរី ដើម្បីធ្វើការផ្សព្វផ្សាយកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ទៅកាន់ពិភពលោក ពីតំបន់អង្គរ ដោយមានកិច្ចសហការជាមួយក្លឹប Fight Clubbing ប្រចាំសហគមន៍អឺរ៉ុប និងមានការសហការផ្សាយផ្ទាល់ ពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ Town Full HDTV និងស្ថានីយទូរទស្សន៍ដាហ្ស៊ូន DAZN Sported TV ប្រចាំចក្រភពអង់គ្លេសផងដែរ។


នៅក្នុងឱកាសនោះ លោក Tommy Kim ក៏បានបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ ភិមានអាកាស Boostrong KUN Khmer x Fight Clubbing ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្លឹបFight Clubbing ក៏បានត្រៀមបង្កើតព្រឹត្តិការណ៍ថ្មីទៀត ដោយនាំយកក្បាច់គុនបុរាណខ្មែរ ទៅប្រកួតនៅទ្វីបអឺរ៉ុបផងដែរ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ភិមានអាកាស Boostrong KUN Khmer x Fight Clubbing ដែលនឹងរៀបចំនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ ឧបត្ថម្ភផ្តាច់មុខដោយ Boostrong, Boostrong ជួយវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរឱ្យល្បីរន្ទឺពេញពិភពលោក៕


