មកស្គាល់សមាសភាពក្រុមត្រូវប្រកួតពានរង្វាន់លីគខាប់ក្នុងសប្តាហ៍នេះ

ភ្នំពេញ ៖ ការប្រកួតពានរង្វាន់លីគខាប់ ដំណើរការបានរយៈពេលមួយសប្តាហ៍កន្លងទៅហើយ ដោយក្នុងនោះក្រុមដែលចូលរួមមានចំនួន៨ក្រុម ដែលចែកចេញជាពីរពូលគឺ ពូលA និងពូលB។ សម្រាប់សមាសភាពក្រុមដែលត្រូវប្រកួតក្នុងសប្តាហ៍ទី២ ថ្ងៃទី១២ និង១៣ ខែមិថុនាខាងមុខនេះវិញ មានចំនួនបួនក្រុម គូទី១ ថ្ងៃសៅរ័ ទី១២មិថុនា ក្រុមបាល់ទាត់វិសាខា និងបើកទ្វារកីឡាដ្ឋានព្រីនស៍ ទទួលស្វាគមន៍ក្រុមភ្ញៀវក្បែរផ្ទះ ភ្នំពេញក្រោន នៅម៉ោង១៥:៣០នាទីរសៀល គូទី២ នៅថ្ងៃអាទិត្យ ទី១៣មិថុនា ក្រុមបាល់ទាត់ ខេត្តព្រៃវែង និងត្រូវជួបជាមួយក្រុមរៀមច្បង ព្រះខ័នរាជស្វាយរៀង នៅទីលាន វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅម៉ោង១៥:៣០នាទីរសៀលដូចគ្នា។

សូមជម្រាបជូនថា ក្រោយពីការប្រកួតលីគកំពូលកម្ពុជាមានការសម្រាកមួយរយៈ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា បានបង្កើតការប្រកួតពានរង្វាន់ថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមសមត្ថភាពកីឡាករ នៅក្នុងលីគកំពូល ដែលត្រូវបានអ្នកគាំទ្រហៅថា ការប្រកួតលីគខាប់ ដោយសប្តាហ៍កន្លងទៅការប្រកួតមាន៤គូ តែគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជាបានសម្រេចលុបចោលការប្រកួតចំនួន២ ដោយសារតែការរីកដាល់នៃជម្ងឺកូវីដ១៩ ដោយពិនិត្យឃើញថា មានថ្នាក់ក្រុមការងារនៃក្លឹបមួយចំនួនមានវិជ្ជមានកូវីដ១៩ ក្រោយការធ្វើតេស្តមុនប្រកួតគ្រប់ៗក្លឹប ទាំងអស់ ក្នុងការប្រកួតរវាងបឹងកេតជាមួយវិសាខាដោយក្រុមវិសាខាទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ ចំណែកឯការប្រកួតមួយគូទៀតរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមព្រះខ័នរាជស្វាយរៀងក៏ទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិដោយហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ត្រីក្រុមសាលាបាល់ទាត់បាទីមួយរូប។

គួររំលឹកដែរថា បើតាមការប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជាករណីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដែលបង្ករដោយបុគ្គល និងក្លិបកីឡាបាល់ទាត់ដោយការធ្វេសប្រហែសមិនបានអនុវត្តត្រឹមត្រូវ ម៉ឺងម៉ាត់ទៅតាមប្រការ៣ ទី៤ និងទី៥ នៃក្រមប្រតិបត្តិ (Code of Conduct) បុគ្គលដែលប្រព្រឹត្តិខុសនឹងត្រូវទទួលពិន័យ និងការផាកពិន័យជាទឹកប្រាក់ ៥លានរៀល ហើយក្លិបក៏នឹងត្រូវទទួលពិន័យ និងការផាកពិន័យជាទឹកប្រាក់ ១០លានរៀល។ នេះជាការពិន័យរដ្ឋបាលរបស់គណៈកម្មការប្រកួតប៉ុណ្ណោះ ក៏ប៉ុន្តែការពិន័យនេះមិនធ្វើឱ្យបុគ្គល និងក្លិបកីឡាបាល់ទាត់នោះរួចផុតពីកាតព្វច្បាប់ជាធរមាននៃ ព្រះរាជាណាចក្រកម្ពុជានោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២