កម្ពុជានឹងរៀបចំកម្មវិធីយ៉ាងពិសេស ដើម្បីអបអរសាទរ ពិធីទទួលទង់ស៊ីហ្គេម ពី វៀតណាម

ភ្នំពេញ ៖ កម្ពុជានឹងរៀបចំនូវទស្សនីយភាពយ៉ាងពិសេស ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ស៊ីហ្គេមពីវៀតណាម ដើម្បីបន្ដវេណធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

យោងទៅតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានឲ្យដឹងថាក្រោយកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពីពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ដោយឡែកសម្រាប់ផែនការសម្អិតនៅក្នុងការត្រៀមខ្លួនរៀបចំកម្មវិធីនោះរួមមានការត្រៀមរៀបចំសម្តែងសិល្បៈ វប្បធម៌ កីឡាដើម្បីឲ្យស័ក្តិសមជាប្រទេសដែលមានអរិយធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យកីឡាផងដែរ។ ពិធីសម្តែងរបស់កម្ពុជា មានរយៈពេល១០នាទី ហើយកម្ពុជា នឹងសម្តែងបង្ហាញពីវប្បធម៌ ទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជា និងការរីកចម្រើននៃវិស័យកីឡាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាជាដើមនិងបន្ថែមនៅក្នុងចំណុចសំខាន់ៗចំនួន៣នេះ គឺ បានបូកបញ្ជូលគ្នាឲ្យទៅជាទស្សនីយភាពមួយ ដែលមានទាំងការសម្តែងរបាំ ចម្រៀង ក្បាច់គុនល្បុក្កតោដើម្បីធ្វើយ៉ាងណាឲ្យការសម្តែងមួយនេះ ទទួលបាននូវអត្ថន័យកាន់តែស៊ីជម្រៅ និងមានភាពទាក់ទាញបំផុត។

សូមបញ្ចាក់ថាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOCក៏បានបញ្ជាក់ពីជំហរយ៉ាងរឹងមាំជាថ្មីផងដែរ ថាការទទួលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នៅតែធ្វើតាមលំដាប់លំដោយតាមកាលបរិច្ឆេទដែលបានកំណត់រួចហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ មានបំណងចង់លើកពេលទៅឆ្នាំ២០២២ ឬពន្យារពេលវែងរំលងស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី៕

ប្រភពៈ CAMSOC

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២