អ្នកចាំទី ជា វណ្ណសាក់ ប្រាប់ពីឱកាស បញ្ចេញសមត្ថភាព បានច្រើន នៅក្លឹបបាល់ទាត់អង្គរថៃហ្ពឺរ

ភ្នំពេញ ៖ កីឡាករអ្នកចាំទី (ដៃទី០១) បច្ចុប្បន្នរបស់ក្លឹបបាល់ទាត់អង្គរថៃហ្ពឺរជោគជ័យច្រើនក្រោយចាកចេញពីវិសាខាទៅចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថៃហ្ពឺរនៅរដូវកាលថ្មីនេះ។

បន្ទាប់ពី ជា វណ្ណសាក់ ចូលរួមជាមួយក្រុមអង្គរថៃហ្ពឺរនៅរដូវកាលថ្មីកីឡាករអ្នកចាំទីរូបនេះបានចូលប្រកួតជួយក្រុមចំនួន៣ប្រកួត រក្សារសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ចំនួន២ប្រកួត ដោយជួយឲ្យក្រុមអង្គរថៃហ្ពឺរ ឈ្នះ គិរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ២ទល់នឹង០ ជួយឱ្យអង្គរថៃហ្ពឺរឈ្នះក្រុមបឹងកេត១ទល់០ និងឈ្នះក្រុមកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល៣ទល់២ ដោយគិតមកទល់ពេលនេះអង្គរថៃហ្ពឺរគឺជាក្រុមដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន ខេមបូឌាលីគ ឆ្នាំ២០២១ ដោយក្រុមនេះប្រកួតបាន៥ប្រកួត ឈ្នះ៤ ស្មើ១ ដែលមាន១៣ពិន្ទុកំពុងតែឈរនៅកំពូលតារាងនាពេលបច្ចុប្បន្ន។

ជា វណ្ណសាក់ បានប្រាប់ពីចំណាប់អារម្មណ៍មកកាន់ថោនថា ៖ “កំឡុងពេលដែលខ្ញុំមកអង្គរថៃហ្ពឺរនេះគឺប្រសើរជាងមុនច្រើន ព្រោះគេផ្តល់ឱកាសឱ្យខ្ញុំបានលេងច្រើន និងបានបង្ហាញពីសមត្ថភាពជាងកាលនៅក្លឹបចាស់” គេក៏បានបន្ថែមថាកាលដើមឡើយនៅពេលដែលចូលរួមដំបូងៗរាងមានការលំបាកច្រើនព្រោះខ្លួននិងមិត្តរួមក្រុមលេងមិនសូវស៊ីចង្វាក់គ្នាទេដោយហេតុថាសុទ្ធជាកីឡាករថ្មីនិងក្មេងៗច្រើន ប៉ុន្តែក្រោយពេលបានហ្វឹកហាត់រួមគ្នាច្រើនខែកន្លងមកពេលនេះយើងសហការគ្នាបានល្អច្រើន”។

គួររំលឹកថាអ្នកចាំទីជា វណ្ណ សាក់បានចូលរួមជាមួយក្លឹបបាល់ទាត់វិសាខានៅក្នុងឆ្នាំ២០១៧ គេបានចូលរួមយ៉ាងសំខាន់ក្នុងនាមជាអ្នកចាំទីដៃទី១ដោយឈ្នះជើងឯកក្របខណ្ឌទីពីរនឹងស្រោមដៃមាសទៀតផង ហើយក៏បានចាកចេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០មកចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថៃហ្ពឺ ។ រូបគេក៏ធ្លាប់ជាអតីតយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០១៤ដល់២០១៥ និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជាទាំងក្រុមU19 និងក្រុមឈុតធំផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២