ភ្នំពេញ: គេហទំព័រហ្វេសបុកផ្លូវការក្លិបបាល់ទាត់វិសាខាបានប្រកាសនៅថ្ងៃច័ន្ទ ទី២៣ សីហា ថាបាននាំយកខ្សែការពារវ័យក្មេង ទេស សម្បត្តិ ពីក្រុមគូប្រជែងបឹងកេតអំឡុងទីផ្សារដោះដូរត្រៀមជើងទី២រដូវកាល២០២១នេះ។
គួររំឭកថា ទេស សម្បតិ្ត បានចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០១៩ ហើយរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាលដដែលនោះ និងជើងឯក លីគកំពូលកម្ពុជា។
អតីតយុវជនសាលាបាល់ទាត់ជាតិបាទីខាងលើក្លាយជាកីឡាករថ្មីទី៣របស់ ក្រុមមានមូលដ្ឋាននៅ Prince Stadium បន្ទាប់ពីការមកដល់ របស់ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae-gun និងខ្សែប្រយុទ្ធប្រេស៊ីល Cristian Alex។
អំឡុងទីផ្សារដោះដូរត្រៀមជើងទី២រដូវកាល២០២១នេះ វិសាខា បានព្រមព្រៀងឲ្យខ្សែការពារកម្ពុជា២រូបឲ្យក្លិបផ្សេងៗ គឺ ផុន តៃនិញ ទៅអគ្គិសនីកម្ពុជា និង ង៉យ ស្រ៊ីន ទៅព្រៃវែងអេហ្វស៊ី។ ចំណែក ខ្សែបម្រើអាហ្វហ្គានីស្ថាន Mustafa Zazai បានចែកផ្លូវពីក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០២០ ហើយ។
ដោយឡែក កាលបរិច្ឆេទនៃផ្ទេរកីឡាករជាតិ (Transfer Window 2) សម្រាប់ជុំទី២ក្របខណ្ឌ Metfone Cambodian League ឆ្នាំ២០២១ ត្រូវបានពន្យារពីថ្ងៃទី ២០ ខែសីហា ទៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១វិញ៕
ប្រភព CNCC


