ថៃត្រៀមបើកសាលារៀនឡើងវិញ ខណៈផែនការចាក់វ៉ាក់សាំងដល់សិស្ស មានអាយុពី១២ដល់១៨ឆ្នាំ នឹងចាប់ផ្តើមនៅចុងខែនេះ

បាងកក៖ រដ្ឋាភិបាលថៃបានបញ្ចេញផែនការ អនុញាតឱ្យសាលារៀនបើកទ្វារឡើងវិញ ដោយភ្ជាប់ជាមួយការអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 យ៉ាងតឹងរ៉ឹង ខណៈពេលដែលរដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំងដល់សិស្សសាលាមានអាយុចន្លោះពី ១២ ដល់ ១៨ ឆ្នាំ នៅចុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ផែនការខាងលើដែលមានគោល បំណងបង្កើតតំបន់សុវត្ថិភាពនៅតាមសាលារៀន ត្រូវបានផ្ដួចផ្ដើមរួមគ្នាដោយក្រសួងអប់រំ និងក្រសួងសុខាភិបាលរបស់ថៃ ហើយនៅក្រោមផែនការនេះ សាលាទំាងអស់ក៏នឹងត្រូវតម្រូវឱ្យធ្វើការវាយតម្លៃ អំពីលទ្ធភាពក្នុងការបើកដំណើរការថ្នាក់រៀនរបស់ខ្លួន ឡើងវិញដោយផ្អែកលើសេចក្ដីណែនាំនានាផ្ដល់ដោយក្រសួងអប់រំ និងអាចបើកថ្នាក់រៀនដោយកម្រិតចំនួនសិស្សផងដែរ។

បើតាមសារព័ត៌មានថៃ Bangkok Post ក៏បានឲ្យដឹងថាផងដែរថា រដ្ឋាភិបាលថៃបានកំណត់យកថ្ងៃទី ២១ ខែកញ្ញា នេះដើម្បីចាប់ផ្តើមយុទ្ធានាកាណ៍ចាក់វ៉ាក់សាំងប្រទេស Pfizer ដល់សិស្សសាលាដែលមានវ័យ ១២ ដល់ ១៨ ឆ្នាំ ផងដែរ ដោយចាប់ផ្តើមមុនគេចេញពីទីក្រុង Bangkok។

សម្រាប់ការបើសាលានេះបើតាមមន្រ្តីថៃបានឲ្យដឹងថា ថៃនឹងបើកពីថ្នាក់ទី ១០ ដល់ ទី ១២ ជាមុនសិន។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤២០,៣៤០ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៧៦៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២៧៧,០២៩នាក់។ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំងសរុប ៤០.៣លានដូស ក្នុងនោះប្រជាជន ១២.៤លាននាក់ (១៧.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២