សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ការលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត ខិតខំសម្របសម្រួល ដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ!

ខេត្តពោធិ៍សាត់ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខិតខំជំរុញការផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយត្រូវជំរុញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធានាអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់អំពីភាពចាំបាច់នៃការខិតខំប្រមូលបញ្ហា មតិយោបល់ និងកង្វល់ពលរដ្ឋយកមកដោះស្រាយឱ្យបាន និងបានផ្ដល់ការលើកទឹកចិត្តឱ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ។

សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធឡើង បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណៈអភិបាលខេត្តកំពត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួន នាពេលកន្លងមក និងបានផ្ដល់ការពន្យល់ថា រដ្ឋបាលខេត្តនីមួយៗមិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់គឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។

សម្ដេចបានស្នើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋផ្ដល់ការគាំទ្រជូនឯកឧត្តម ជាវ តាវ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងឋានៈជាអភិបាលថ្មីនៃគណៈអភិបាលខេត្តពោធិ៍សាត់។ សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្តខិតខំអនុវត្តឱ្យបាននូវច្បាប់ គោលនយោបាយ និងកម្មវិធីនយោបាយសម្រាប់កិច្ចការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏បានថ្លែងកោតសរសើរឯកឧត្តម ម៉ៅ ធិន សម្រាប់ការបំពេញបេសកកម្មទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងអាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់រយៈពេល៨ឆ្នាំកន្លងមក និងបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ជាវ តាយ និងបន្តខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនបានល្អបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងត្រូវបន្តជួយពលរដ្ឋមានបញ្ហាលំបាកនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២