សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំបន្តសម័យប្រជុំរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ចំនួន៣ នាព្រឹកនេះ

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានលើកយកមកពិភាក្សា និងអនុម័តនាពេលនេះមាន ៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

២.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា ដោយសារច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម តំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា ។ កន្លងមករាជរដ្ឋាភិបាល បានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ។ តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវបុរេលក្ខខណ្ឌមួយចំនួន ដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធស្វ័យ ប្រវត្តិកម្មដំណើរការទៅបានរលូន និងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកល ព្រមទំាងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យមានការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង សំដៅចូលរួមស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងបង្កើនកំណើនសេដ្ឋកិច្ច។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅសាធា រណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៏សំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ។ សេចក្តីព្រាងច្បាប់នេះនឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍន៍ សុខុមាលភាពប្រជាជន និងការផ្សាភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនទៀតផង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២