រឿងនិស្សិតច្បាប់ម្នាក់ ដែលគេថា យកកាំភ្លើងអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ បាញ់សម្លាប់ខ្លួនឯងនោះ នៅមានមន្ទិលសង្ស័យនៅឡើយ

សៀមរាប ៖និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត(បាញ់សម្លាប់ ខ្លួនឯង)។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នៅចំណុចប៊ូទិចគ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប៉ុន្តែនៅមានចំណុចគួរឱ្យសង្ស័យមួយចំនួន ព្រោះនៅពេលឪពុករបស់ជនរងគ្រោះមកពិនិត្យសពកូនមិនឃើញអាវុធនៅក្បែរសពកូនប្រុសរបស់ខ្លួននោះទេ ក្រោយមកទើបម្ចាស់អាវុធ ឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះ បានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញ ហើយចេញទៅបាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលាង អាយុ ២២ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ រឿងហេតុដំបូង គឺជនរងគ្រោះ កំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លុះរហូតដល់ម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី ខែ ឆ្នាំដដែលស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា ៩ មិនស្គាល់ត្រកូល (ជាកម្លាំងកងអាវុធហត្ថនៅរាជធានីភ្នំពេញ ) ដោយ ឈ្មោះ រតនា បានទុកអាវុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមៗនោះជនរងគ្រោះ បានយកកាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បើតាមសម្តីរបស់ឈ្មោះ ប្រាក់ សារិន អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានឲ្យដឹងថា នៅអំឡុងដើមខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួន ពីរដងមកហើយ។ ដោយឃើញបែបនោះ រូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថ្ងៃ។

ឳពុកជនរងគ្រោះបានឲ្យដឹងទៀតថា កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅម៉ោង ៧និង ៣០នាទីយប់ រូបខ្លួន និងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយមីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។ ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។

លុះដល់ម៉ោងប្រហែល៩យប់ ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមៗនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់បាត់ទៅហើយ។ រូបខ្លួនបានលើកជួយសង្គ្រោះកូន ប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ។ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញ ហើយចេញទៅបាត់។ សមត្ថកិច្ចបន្ថែមថា យោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ,ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញបានឲ្យដឹងថា ករណីនេះ ជាករណីធ្វើ អត្តឃាត ( បាញ់សម្លាប់ខ្លួន )។ រីឯ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។

ចំណែកវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំងបច្ចេកទេសចាប់យក ទៅរក្សាទុក។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ជាអាវុធហត្ថនៅរាជធានីភ្នំពេញ និងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ។ សមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះបន្តទៀត៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២