កម្ពុជាប្រកាសស្វាគមន៍ ភ្ញៀវទេសចរចិនយ៉ាងកក់ក្ដៅ ជាមួយការរំពឹងទុកថា នៅឆ្នាំ២០២៥នឹងទទួលបានភ្ញៀវទេចរអន្តរជាតិប្រមាណជា ៧លាននាក់

ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែលនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភា្ជប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

នៅមុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៨ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណជា ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្នើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ាន ក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២,៥% នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន ១១លាននាក់, សិង្ហបូរីទទួលបាន ៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១ លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

ដោយឡែកទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូល ស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI)សរុបរបស់កម្ពុជា។ ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារ ទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅ ទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅ ប្រទេសរបស់ចិន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដដែលបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ ក្រោយពីវិបត្តិជំងឺកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ បានផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញផងដែរ។ កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែក សុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងទៀតដែរ ។ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចគេរជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ ២០២២ កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមបញ្ជាក់ផងដែរថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារ កម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្លៃពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” ។ ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៍តាមយុទ្ឋសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការ ទាក់ទាញទេសចរចិន ដូចជា យុទ្ឋសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទ្ទេសទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិន លើសេវាកម្មចំនួន៧ (សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, ភោជនីយដ្ឋាន, ការីទេសចរណ៍ និង ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជួនទេសចរណ៍, រមណីយដ្ឋាន, សេវាកម្សាន្តទេសចរណ៍ និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពីChina- Ready, មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន, មានឯកសារ ផលិតផល និងផ្លាកសញ្ញាបកប្រែចិន, សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្ដង់ដាគុណភាពសវាកម្ម)។

ស្របពេលជាមួយគ្នានេះ ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត ទំនាក់ទំនង ការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោម ពាក្យស្លោក “គ្រប់ ថ្ងៃគឺជាអច្ឆរិយភាព (Every Day Is A Wonder) សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និង សកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់ទេសចរចិន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញ យុទ្ធនាការមេត្រីភាពទេសចរចិន “កម្ពុជា-ចិន មិត្តល្អ” ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ ផងដែរ។

សក្ដានុពលយ៉ាងធំ នៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណជា ៧ លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រីករាយ និងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់យ៉ាងកក់ក្តៅបំផុត៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២