ប្រទះឃើញសាកសពទារកម្នាក់ច្រកថង់រុំជាមួយសារុង ត្រូវបានគេយកមកទម្លាក់ចោល នៅគំនរសំរាមក្បែររបងសាលាកសិកម្មចំការដូង

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយពួកគាត់បានប្រទះឃើញសាកសពទារកម្នាក់ដែលច្រកថង់រុំជាមួយសារុងដែលប្រលាក់សុទ្ធតែឈាមត្រូវបានទម្លាក់ចោលក្នុងគំនរសំរាម នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ នៅក្បែររបងសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា សាកសពទារកនោះ គឺជាទារកដែលទើបតែកើត ហើយស្លាប់ ត្រូវបានឪពុកម្តាយយកមកទម្លាក់ចោលនៅក្នុងគំនរសំរាមដែលអ្នកអនាម័យបានប្រទះឃើញ។

លោកស្រីចៅសង្កាត់ដង្កោបានឱ្យដឹងទៀតថា សាកសពទារកនោះត្រូវបានអាជ្ញាធរចាត់ចែងបញ្ជូនទៅវត្តដើម្បីធ្វើបុណ្យ។ តែយ៉ាងណាគេមិនទាន់ដឹងថា ទារកនោះស្លាប់ដោយសារអ្វីនៅឡើយទេ ខណៈអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកឪពុកម្តាយ និងសាច់ញាតិរបស់ទារកនោះ។

ជុំវិញករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋខ្លះបានបង្ហោញក្តីអាណិតអាសូរចំពោះទារកនោះ និងបានបញ្ចេញមតិចំពោះទង្វើដែលគ្មានទំនួលខុសត្រូវមួយនេះ។ ពលរដ្ឋថា បើជ្រុលជាបង្កើតគ្នា ហើយស្លាប់ ម្តេចមិនព្រមយកគ្នាទៅកប់ឱ្យត្រឹមត្រូវ បែរជាយកគ្នាមកទម្លាក់ចោលដោយគ្មានស្រណោះសូម្បីតែបន្តិច។

ករណីបែបនេះ បានកើតមានជាហូរហែ ទាំងទារកនៅរស់ ទាំងសពទារក ត្រូវបានឪពុកម្ដាយ យកមកបោះបង់ចោល ទម្លាក់ចោល គ្មានក្តីអាណិតអាសូរ ក្នុងនាមជាអ្នកផ្ដល់កំណើតបន្តិចសោះឡើយ ៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២