ស្នងការនគរបាលរាជធានីភ្នំពេញណែនាំដល់មន្ត្រីទាំងអស់ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំប្រារព្ធពិធី ប្រកាសផ្ទេរភារៈកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង  លោក-លោកស្រីនាយការិយាល័យជំនាញ  លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍តទោ ហ៊ុន សុធី ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច  តែងតាំងមុខតំណែង  និងបំពាក់ឋានន្តរសក្តិ  និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់អង្គពិធីជាកិច្ចបន្ទាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង  និងបំពាក់សក្តិជូនមន្ត្រីជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការបានធ្វើការផ្តល់ជាមតិណែនាំល្អៗជាច្រើនដល់មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។

ចំណុចសំខាន់ផ្សេងៗទៀត ឯកឧត្តមស្នងការបានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំនៅទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ៕

         

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២