រដ្ឋាភិបាលសម្រេចរៀបចំបុណ្យទន្លេឡើងវិញ  ដោយរៀបចំនៅខេត្តកំពង់ធំវិញម្តង

រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ចូលរាតត្បាត ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ សម្រាប់ប្រារព្ធពិធីបុណ្យទន្លេ ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើករួចមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ អស់រយៈពេល ២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំកាលពីថ្មីៗនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ជាមួយនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ហើយក៏អាចបន្តដល់ថ្ងៃទី១១ និងទី១២ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះដែរ គឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ។

ក្នុងនាមប្រធានអង្គប្រជុំ ឯកឧត្ដម ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមកអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំឱ្យមានគណៈកម្មការ និងអនុគណៈកម្មការតាមផ្នែក ដូចជា កម្មវិធីសិល្បៈ កីឡា ការរៀបចំតុបតែងកែលម្អសោភ័ណភាព ខ្លឹមសារនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ ផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញការចូលរួមឱ្យបានផុសផុល។ហើយត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។

ជាមួយនេះដែរ ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងបទបង្ហាញថា បុណ្យទន្លេនៅខេត្តកំពង់ធំនេះគឺមានលក្ខណពិសសប្លែកពីបុណ្យទន្លេមុនៗ ត្រង់ថា ពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធ ទី៨ ខែមីនា ហើយនឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃព្រហស្បតិ៍ ទី៩, បន្តដល់ថ្ងៃសុក្រ ទី១០ ដែលជាថ្ងៃទីបី ប៉ុន្តែកម្មវិធីកម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត (ថ្ងៃទី១១-១២) ដែលធ្វើឱ្យការលេងកម្សាន្តមានរយៈពេលយូរជាងបុណ្យទន្លេមុនៗ។ ពិសេសមួយទៀត ខេត្តកំពង់ធំគឺនៅពាក់កណ្ដាលផ្លូវរវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ ដូច្នេះភ្ញៀវទេសចរនឹងអាចចូលលេងបុណ្យទន្លេ មុនបន្តទៅលេងខេត្តសៀមរាប និងទៅគោលដៅទេសចរណ៍ផ្សេងទៀត។

ឯកឧត្ដមជុក ជំនោរ បានបន្តទៀតថា ខេត្តកំពង់ធំក៏មានគោលដៅទេសចរណ៍ជាច្រើន ពិសេសគឺតំបន់បេតិកភណ្ឌប្រាសាទសំបូរព្រៃគុក ឬអាចភ្ជាប់គោលដៅទេសចរណ៍ទៅដល់ខេត្តព្រះវិហារ និងប្រាសាទព្រះវិហារទៀតដែរ និងគោលដៅផ្សេងទៀត ដូចជា តំបន់អេកូទេសចរណ៍ កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ជាដើម ដែលសុទ្ធតែជាសក្ដានុពលសម្រាប់បម្រើដល់វិស័យទេសចរណ៍៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២