ពីកម្មករធ្វើការនៅប្រទេសថៃ ពេជ្រ រដ្ឋា ក្លាយជាតារាចម្រៀងកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន

បច្ចុប្បន្នតារាចម្រៀង ពេជ្រ រដ្ឋា កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដែលស្នេហាវិស័យសិល្បៈចម្រៀង បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលេចឈ្មោះរបស់លោក នៅក្នុងវេទិការសាធារណៈមួយកាលពីពេលថ្មីៗនេះ។មុនពេលក្លាយជាអ្នកចម្រៀងនេះ លោកបានឈប់រៀន ហើយទៅធ្វើការជាកម្មករនៅប្រទេសថៃរយៈពេល៥ឆ្នាំ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាតខ្លាំង នាពេលនោះ។

ដោយសារតែលោក មានទេពកោសល្យ និងសំនៀងពីរោះក្រអួនក្រអៅនោះ លោកត្រូវបានផលិតកម្មថោនអនុញ្ញាតឱ្យចូលមកច្រៀងប្រចាំនៅក្នុងផលិតកម្មនេះ ហើយក៏បានចេញ និងត្រៀមចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ។នៅពេលជួបជាមួយអ្នកយកព័ត៌មានរបស់យើង លោក ពេជ្រ រដ្ឋា បានរៀបរាប់ថា ដោយសារតែជីវភាពគ្រួសារមានការលំបាកខ្លាំង ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី១០ ទៅរកការងារធ្វើនៅប្រទេសថៃ ដោយធ្វើការជាកម្មកររោងចក្រនៅទីនោះអស់រយៈពេល៥ឆ្នាំ នៅចុងឆ្នាំ២០១៦ ទើបបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ។នៅពេលបានវិលត្រឡប់មកកាន់មាតុប្រទេស និងស្រុកកំណើតវិញ ខ្ញុំក៏បានច្រៀងលេងបង្ហោះនៅតាមហ្វេសប៊ុក ហើយក៏មានថៅកែតន្ត្រីជាច្រើនបានទាក់ទងហៅខ្ញុំឱ្យឡើងច្រៀងតាមឆាកតន្ត្រី ឬអកកាដង់។ជាមួយគ្នានោះ ខ្ញុំក៏បានច្រៀងបទភ្លេងការដាក់ផុសតាមយូធូបផងដែរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និងជាពិសេសពីសំណាក់សម្តេច តេជោនាយករដ្ឋមន្ត្រី លោកក៏បានស្តាប់ និងចាប់អារម្មណ៍បទចម្រៀងភ្លេងការរបស់ខ្ញុំខ្លាំងដែរ រហូតដល់សម្តេចលោកបានប្រកាសឈ្មោះខ្ញុំ នៅក្នុងអង្គពិធីដ៏ធំមួយកាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះ។

ចាប់តាំងពីពេលនោះមក ឈ្មោះរបស់ខ្ញុំក៏ត្រូវបានគេស្គាល់ច្រើន ទីផ្សារការងាររបស់ខ្ញុំ ក៏មានការមមាញឹកច្រើនជាងមុន ទាំងក្នុងប្រទេស និងក្រៅប្រទេស រកតែពេលសម្រាកមិនចង់បាននោះទេ។ជាមួយគ្នានេះដែរ ខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណដល់ផលិតកម្មថោន ដែលបានផ្តល់ទ្រនំឱ្យខ្ញុំបានចូលច្រៀងប្រចាំនៅក្នុងផលិតកម្មនេះ។

បច្ចុប្បន្ន លោក ពេជ្រ រដ្ឋា មានអាយុ ២៩ឆ្នាំ ជាកូនចៅគ្រួសារកសិកររស់នៅក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។រហូតមកដល់ពេលនេះ លោកច្រៀងដាក់ផុសនៅតាមឆាណែលយូធូបបានជាង ១០០បទហើយ តែបទដែលលោកច្រៀងភាគច្រើនជាបទចម្រៀងភ្លេងការ ដែលទទួលបានការចាប់អារម្មណ៍ច្រើន នាពេលកន្លងមក៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២