គ្រាប់បែកចង្កោម ដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ឱ្យទីក្រុងគៀវនោះ ឥឡូវនេះបានបញ្ជូនទៅដល់ហើយ

លោកឧត្តមសេនីយជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ឱ្យទីក្រុងគៀវនោះ ឥឡូវនេះបានមកដល់ហើយ។

លោកឧត្តមសេនីយ៍ទោ Oleksandr Tarnavskyi បានប្រាប់ទូរទស្សន៍ CNN ថា យើងទើបតែទទួលបានវា យើងមិនទាន់បានប្រើវានៅឡើយទេ ប៉ុន្តែវានឹងអាចធ្វើឱ្យផ្លាស់ប្តូរយ៉ាងខ្លាំង នៅសមរភូមិ ។

សហរដ្ឋអាមេរិកបានប្រកាសពីការប្រគល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែនកាលពីសប្តាហ៍មុន ដោយនិយាយថា កង្វះគ្រាប់រំសេវផ្សេងទៀតធ្វើឱ្យមានសារសំខាន់ក្នុងការបញ្ជូនអាវុធទាំងនេះទៅកាន់ទីក្រុងគៀវ ទោះបីជាមានហានិភ័យខ្ពស់ចំពោះជនស៊ីវិលក៏ដោយ។

លោក Tarnavskyi ដែលជាមេបញ្ជាការនៃប្រតិបត្តិការកងកម្លាំងរួម Tavria បានប្រាប់ CNN ថា សព្វាវុធទាំងនោះនឹងមិនត្រូវបានប្រើប្រាស់នៅក្នុងទីតាំងដែលមានប្រជាជនទេ បើទោះបីជាតំបន់ទាំងនោះត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ីក៏ដោយ។

ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ 2022នោះមក ប្រទេសរុស្សីត្រូវបានក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិចោទប្រកាន់ជាញឹកញាប់ថា បានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២