ជំនន់ទឹកភ្លៀងដ៏អាក្រក់បានសម្លាប់មនុស្សចំនួន៣៩នាក់ នៅកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានបញ្ជាឱ្យខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញទាំងស្រុង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 39 នាក់ ដោយសារតែជំនន់ទឹកភ្លៀងនេះ ។ ចំនួនអ្នកស្លាប់នាព្រឹកថ្ងៃច័ន្ទនេះ រួមមានមនុស្ស ចំនួន13 នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងផ្លូវក្រោមដី ដែលជន់លិចនៅក្នុងទីក្រុង Cheongju នៃខេត្ត North Chungcheong ។

លោក Yoon បាននិយាយថា នៅពេលឃើញប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំ​សូមបួងសួង​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ សូមបានទៅកាន់សុគតិភព។លោកYoon ក៏បានសន្យាគាំទ្រសម្រាប់ការងារស្តារឡើងវិញ រួមទាំងការកំណត់តំបន់ ដែលរងផលប៉ះពាល់ជាតំបន់គ្រោះមហន្តរាយពិសេសផង។


ប្រទេសកូរ៉េខាងត្បូង ដែលជាចំណុចកំពូលនៃរដូវខ្យល់មូសុងរដូវក្តៅរបស់ខ្លួន បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី 9 ខែកក្កដាមកម្ល៉េះ។ ភ្លៀងធ្លាក់បានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីរីករាលដាល ដែលភាគច្រើននៅតំបន់កណ្តាល និងភាគខាងត្បូងរបស់ប្រទេស។ នៅទីក្រុង Cheongju ក្រុមអ្នកជួយសង្គ្រោះបានទាញសាកសពបួននាក់ទៀតចេញពីផ្លូវរូងក្រោមដីមួយយប់ រថយន្ត 16 គ្រឿង រួមទាំងរថយន្តក្រុងមួយត្រូវបានជន់លិចដោយទឹកជំនន់។


លោក Seo Jeong-il ប្រធានផ្នែកពន្លត់អគ្គីភ័យរបស់ទីក្រុងបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន 9 នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដី ហើយថាចំនួនពិតប្រាកដនៃអ្នកដំណើរដែលជាប់នៅក្នុងរថយន្តមិនទាន់ច្បាស់នៅឡើយទេ។


មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ប៉ាន់​ប្រមាណ​ថា ផ្លូវ​រូង​ក្រោម​ដី​ពោរពេញ​ដោយ​ទឹក​ក្នុង​រយៈពេល​តិច​ជាង​ពីរ ឬ​បី​នាទី។ បុគ្គលិកសង្គ្រោះជិត 900 នាក់ រួមទាំងអ្នកមុជទឹក ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលរូបថត និងវីដេអូបង្ហាញកម្មករកំពុងបង្កើតបរិវេណ និងបូមទឹកចេញពីផ្លូវរូងក្រោមដី។

នៅទូទាំងប្រទេស ភ្លៀងបានបង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល 10 570នាក់ ចេញពីផ្ទះរបស់ពួកគេ ហើយបានធ្វើឱ្យគ្រួសារចំនួន 28,607 គ្មានអគ្គិសនីប្រើប្រាស់៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២