បញ្ជូនខ្លួនជនសង្ស័យចំនួន ១០នាក់ ទៅតុលាការពាក់ព័ន្ធករណីបា.ញ់ស.ម្លា.ប់ជនជាតិវៀតណាមម្នាក់កាលពីចុងសប្តាហ៍មុន 

ភ្នំពេញ ៖  កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យចំនួន ១០នាក់ (ជនជាតិវៀតណាម ៩នាក់ និងខ្មែរ ១នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែសីហានេះ ពាក់ព័ន្ធករណីបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅផ្លូវ ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបបឹងកេងកង កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ហើយជននេះក៏ជាមុខសញ្ញាមេជួញដូរគ្រឿងញៀនផងដែរ។បន្ទាប់ពីកើតមានករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនក្រុមជនសង្ស័យនៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងខណ្ឌសែនសុខ។ ហើយមួយទីតាំងទៀតស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងផងដែរ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនមនុស្ស ១៥នាក់ ក្នុងនោះក្រោយធ្វើការសួរនាំ រកឃើញ១០នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារនេះ។ នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានរថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន១គ្រឿង អាវុធខ្លីចំនួន២ដើម  បង់ចំនួន២ គ្រាប់ចំនួន៥គ្រាប់ ថ្នាំគ្រាប់ពណ៌ខៀវ និងម្សៅសមួយចំនួន ព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ដែរ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២