ជាប់គុកម្តងហើយមិនរាងចាល ចេញមកវិញប្រព្រឹត្តទង្វើបែបនេះលើស្ត្រីជនជាតិបារាំងដូចគ្នាម្តងទៀត

កាលពីវេលាម៉ោង២០ និង២៣នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានស្វែងរក ​និងចាប់ខ្លួនបុរស ដែលបើកម៉ូតូកង់បី បង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសនោះបានហើយ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមបទបញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង ស្នងការ និងជាជំនួយការដឹកនាំការិយាល៍យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីប៉ុនប៉ងលួច ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ទេព ភាឡី ហៅ លីញ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង០៧នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូកង់បី ដឹកជនរងគ្រោះឈ្មោះ Hélène Emma Dietschy ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ បារាំង ពីចំណុចផ្លូវបេតុងក្រោយផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនរងគ្រោះប្រាប់ថាឱ្យជូនទៅផ្ទះសំណាក់ ពេជ្រ ខៀវ ប៉ុន្តែជនសង្ស័យខាងលើមិនបានជូនទៅផ្ទះសំណាក់ទេ ហើយជិះទៅផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ពេលនោះជនរងគ្រោះបានប្រាប់ថាឱ្យឈប់ ប៉ុន្តែជនសង្ស័យខាងលើមិនឈប់ទើបបត់ឆ្វេងបណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី ហើយជនរងគ្រោះក៏បានរត់ចេញពីម៉ូតូកង់បីនោះ បណ្តាលឲ្យរងរបួសបាក់ម្រាមដៃកណ្តាល និងរលាត់ស្បែកលើច្រមុះ និងកែងដៃខាងស្តាំ។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់។

តាមពិតទៅបុរសកំហូចឈ្មោះ ទេព ភាឡី ហៅ លីញនេះធ្លាប់មានរឿងរ៉ាវបែបនេះរួចម្តងមកហើយ កាលពី៦ឆ្នាំមុន ដោយប្រព្រឹត្តទៅលើស្រី្តជាជនជាតិបារាំងដូចគ្នា កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល​ ។ហើយជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់​រខ្លួន និង រកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជន​រងគ្រោះវិញ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២