សមត្ថកិច្ចបង្ក្រាបមេឈ្មួញគ្រឿងញៀនចំនួន២នាក់ និងដកហូតសារធាតុញៀនចម្រុះទម្ងន់ជាង ៥៨គីឡូក្រាម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន០២នាក់គឺទី១ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ និងទី២-ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ។ហើយវត្ថុតាងដែលចាប់យក៖ សារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងរថយន្តម៉ាក High Lander ចំនួន ១គ្រឿង ។

បន្ទាប់មកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។ បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន ៣ទីតាំង ដោយដកហូតបានសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់ ២៨គីឡូ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខសញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត ។

សរុបវត្ថុតាងដកហូតបានគឺមានសារធាតុចម្រុះទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម៖ មានសារធាតុញៀនទម្ងន់ ៣០គីឡូ០៧ក្រាម ក្នុងនោះមាន (ប្រភេទ ខេ ចំនួន ១៩គីឡូ៩១៥ក្រាម, ប្រភេទ ICE ចំនួន ១០គីឡូ០៥ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ៧៧៨ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២