គ្រឿងញៀនជិតកន្លះតោន ដឹកឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជាត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវអស់រយៈពេលជាង ២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជានូវគ្រឿងញៀនជាង៤៦០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាជនជាតិថៃគឺទី១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣ និងទី២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។

ក្នុងនោះវត្ថុតាង ដែលបង្ក្រាបបានរួមមាន៖

-សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ 465 kg 651 g  និងទូរស័ព្ទ ២គ្រឿង

 

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់បានខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២