ចាប់បានហើយ ចោរលូចម៉ូតូ និងគាស់ផ្ទះពេលយប់យ៉ាងសកម្មនៅខេត្តតាកែវ

នៅវេលាម៉ោង១៦ និង១០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានធ្វើការចេញល្បាតក៏ប្រទះឃើញមុខសញ្ញាដែលកំពុងតែតាមរក មានឈ្មោះ សឿន ថុនា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មមួយក្នុងមូលដ្ឋានដែលសមត្ថកិច្ចកំពុងតាមដាន។ហើយសមត្ថកិច្ចក្តាប់បានថា៖ នៅផ្ទះជនសង្ស័យ មានសំភារៈឧបករណ៍មិនប្រក្រតីដែលបំរើឱ្យសកម្មភាពបទល្មើសជាច្រើន។

សមត្ថកិច្ចក៏បាននាំជនសង្ស័យមកធ្វើការសាកសួរហើយក៏សុំការអនុញ្ញាតពីលោក( ទៀវ ពណ្ណរាយ) ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដើម្បីសុំឆែកឆេរផ្ទះជនសង្ស័យ ពេលឆែកឆេរ សមត្ថកិច្ចរកឃើញសំភារៈ នឹងវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើន រួមមានដូចជា ស្លាកលេខម៉ូតូចំនួន០៧ ប្រដាប់កាច់សោរកម៉ូតូ នឹង ប្រដាប់ឆ្កឹសសោរផ្ទះ កាំមារ៉ាសុវត្ថភាពចំនួន០៤ នឹងសម្ភារៈសំរាប់កែច្នៃម៉ូតូមួយចំនួនធំព្រមទាំង សំបកទូរស័ព្ទមួយចំនួនធំទៀត។

ក្រោយពីឆែកឆេររួចជនសង្ស័យក៏បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពល្មើសដូចជា៖

 

-ធ្លាប់លួចម៉ូតូនៅភ្នំពេញ ចំនួន០២ករណី មិនចាំថ្ងៃខែ ជាមួយនឹងឈ្មោះដា ហៅ អ៊ុយក្រែន មិនស្គាល់ទីលំនៅ។

-លួចម៉ូតូថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នៅភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ វេលាម៉ោង០៣ និង៥០នាទីជាមួយឈ្មោះដា ហៅ អ៊ុយក្រែន។

 

-លួចម៉ូតូថ្ងៃទី០៨ ខែសីហា នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ គាស់ហាងលក់ទូរស័ព្ទដៃវេលាម៉ោង២៤(ដោយលួចជាមួយឈ្មោះដា ហៅអ៊ុយក្រែន)។ រីឯបញ្ហាស្លាកលេខម៉ូតូគឺឈ្មោះ ចិត្រ និងឈ្មោះ ដួង បានលួចម៉ូតូមកពីភ្នំពេញទុកនៅផ្ទះរបស់ខ្លួន ហើយចំណែកទីលំនៅរបស់ឈ្មោះចិត្រនិងឈ្មោះដួង ជនសង្ស័យឆ្លើយថា មិនស្គាល់ទីលំនៅរបស់ពួកគេនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២