មិត្តភក្តិទៅពីស្រុកភូមិជាមួយគ្នា ទៅធ្វើការនៅស្រុកគេ គួរណាស់ចេះស្រលាញ់គ្នា តែដល់ពេលស្រាចូលខ្លួនលែងស្គាល់មិត្តភក្តិវាយសម្លាប់គ្នាគ្មានញញើតដៃ

ខេត្តកែប ៖ មិត្តភក្តិផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ចងគំនុំវ៉ៃគ្នាពីរចបជីកបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗ។ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ៖ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធខេត្តកែបធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ។ ជនដៃដល់ជាឃាតករមានឈ្មោះ វុធ ម៉ៅ អាយុ 28 ឆ្នាំរស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

រីឯជនរងគ្រោះមានឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដូចគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យរួមជាមួយមិត្តភក្តិ  បានបបួលគ្នាផឹកស៊ីជុំគ្នា លុះដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសម្តីគ្នា ទើបជនសង្ស័យបានទាញចបជីកមកវាយទៅលើជនរងគ្រោះពីរចបជីកចំកញ្ចឹងកពីក្រោយបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២