មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤រូបទៀតត្រូវបានចាប់ខ្លួនជាប់សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកឧត្តម សេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅនេះ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

 

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។

 

៤- មន្ត្រីនគរបាលយុត្តិធម៌ បាន និងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

 

៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

មជ្ឈដ្ឋានមហាជន រង់ចាំមើលថាតើក្រោយការចាប់ខ្លួន លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ,លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត,លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច,លោក មុន្នី មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការពីរនាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ថាតើថ្នាក់លើមានចំណាត់ការបែបណាបន្តទៀតចំពោះជនសង្ស័យទាំងនេះ?៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២