សមត្ថកិច្ចឡោមព័ទ្ធទីតាំងល្បែងស៊ីសងយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានជាង៨០នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីជាង៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឃាត់ខ្លួនបញ្ជូនទៅសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសង ។ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅអគារ១កន្លែង ដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កំលាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានចុះមកទីតាំងអគារខាងលើ និងបានឡោមព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងៗទៀតនៅខាងក្នុង ព្រមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា៖ មនុស្សដែល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ៨៣នាក់ ក្នុងនោះខ្មែរចំនួន៦៣នាក់ វៀតណាម៨នាក់ និងចិន១៣នាក់។នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈមួយចំនួនដូចជា៖ គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ស្លុតម៉ាស៊ីន និងសម្ភារៈលេងល្បែងផ្សេងៗទៀត។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ឡើងលើរថយន្តដឹកអ្នកដំណើរចំនួន២គ្រឿង បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីសាកសួរ និងចាត់វិធានការបន្តតាមនីតិវិធី៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២