បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីបើកម៉ូតូដួលដោយខ្លួនឯងកាលពីយប់ម៉ិញ

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបើកម៉ូតូដួលដោយខ្លួនឯង កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង៤០នាទី នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ។

យោងតាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯង ម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY I ពណ៌ស ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ សោម សម័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួលភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះបើកមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន រួចបានរេចង្កូតទៅខាងស្ដាំដៃ បណ្ដាលឲ្យធ្លាក់ផ្លូវ ហើយបានទាញចង្កូតមកខាងឆ្វេងដៃវិញ បណ្ដាលឲ្យដួលអូស ទាំងម៉ូតូ និងអ្នកបើកបរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២