សមត្ថកិច្ចបង្ក្រាបសាច់សត្វគ្រួចជាង៣តោន, សត្វទន្សាយ មាន់ និងទាររស់សរុបជាង ៣ពាន់ក្បាលដឹកចេញពីប្រទេសវៀតណាមបម្រុងយកមកលក់ចែកចាយនៅរាជធានីភ្នំពេញ និងខេត្តចំនួន២ទៀត

ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តខេត្តព្រៃវែង បានធ្វើការឃាត់ចាប់រថយន្តចំនួន៣គ្រឿងបានដឹកសាច់សត្វគ្រួច, សត្វទា មាន់ និងសត្វទន្សាយរស់ពីប្រទេសវៀតណាម បម្រុងមកលក់ចែកចាយនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ ហើយប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីកន្លែង និងគោលដៅផ្សេងៗគ្នា។

រថយន្តទាំង៣គ្រឿង ដែលសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបបាននោះរួមមាន៖

– រថយន្តទី១ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន៣,៦០០គីឡូក្រាម មកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ ឃាត់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

– រថយន្តទី២ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខព្រៃវែង៣A-១០៧១ ដឹកសត្វទារស់ចំនួន២,០០០ក្បាល មកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចូលមកលក់ចែកចាយក្នុងក្រុងព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

– រថយន្តទី៣ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខកំពត៣A-១៨៨២ ដឹកសត្វមាន់រស់ និងទន្សាយរស់ចំនួន១,២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ដឹកមកលក់ចែកចាយក្នុងខេត្តតាកែវ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសត្វ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បន្ទាប់ពីធ្វើការបង្ក្រាបបានក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំង៣ករណីខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២