ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យរុស្សីបាត់បង់ទាហានប្រមាណជា ៣២ម៉ឺននាក់

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានរាយការណ៍នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់កាលពីថ្ងៃទី 4 ខែធ្នូម្សិលម៉ិញនេះថា ទាហានរុស្ស៊ីប្រមាណជា 320,000 នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយទៅលើអ៊ុយក្រែន។ ហើយថា ទាំងទីក្រុងម៉ូស្គូ និងទីក្រុង Kyiv មិនបញ្ចេញព័ត៌មានជាសាធារណៈអំពីការបាត់បង់កងទ័ពនោះទេ។

ការធ្វើបច្ចុប្បន្នភាពចារកម្មបានឱ្យដឹងថា ចន្លោះពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 និងខែវិច្ឆិកា ឆ្នាំ 2023 កងកម្លាំងរុស្ស៊ី ទំនងជាបានរងរបួសប្រហែល 220,000នាក់ទៅ280,000 នាក់ និងប្រហែល 70,000 នាក់ត្រូវបានសម្លាប់ ។ ការធ្វើបច្ចុប្បន្នភាពយោធាចុងក្រោយរបស់អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាត់បង់ទាហានជាង 332,000 នាក់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្សីមកលើប្រទេសរបស់ខ្លួន។

ក្រសួងការពារជាតិចក្រភពអង់គ្លេសបានរាយការណ៍ថា ក្នុងចំណោមទាហាន 70,000 នាក់ដែលត្រូវបានសម្លាប់ ប្រហែល 20,000 នាក់គឺជាទាហានស៊ីឈ្នួល Wagner Group ។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Mediazona រួមជាមួយនឹងសេវាកម្មរុស្ស៊ីរបស់ BBC បានបញ្ជាក់កាលពីថ្ងៃទី 1 ខែធ្នូ អំពីឈ្មោះទាហានរុស្ស៊ីចំនួន 38,261 នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ី។ ក្រុមអ្នកកាសែតបាននិយាយថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះ ដោយសារព័ត៌មានដែលពួកគេបានផ្ទៀងផ្ទាត់កន្លងមក គឺបានមកពីប្រភពសាធារណៈ រួមមាន មរណភាព ការបង្ហោះដោយសាច់ញាតិ ព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២