សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តនិងលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មកដល់អាណត្តិថ្មី អាណត្តិទី ៧នេះ រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ ក៏នៅតែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» ។ ហើយប្រាកដណាស់ បើយើង ឆ្លុះកញ្ចក់ -ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមយើង និងយើងម្នាក់ៗ នឹងបន្តទទួលបានភាព ស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ឱ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ យើងរារាំងភ្លាម ។ -MND1នេះបើយោងតាមសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧ នេះ សូមបន្តវរភាពគំរូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្ដោត អាទិភាព លើការងារទាំង ៥ ដូចខាងក្រោម ៖

ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ ។

 

ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ចនិងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ ។

ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។

 

ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។

ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និង លើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២