អ្នកចិញ្ចឹមបង្កងទឹកសាបខេត្តតាកែវ មានគម្រោងចងក្រងគ្នាជាសហគមន៍ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់លក់នៅលើទីផ្សារ

«បង្កងតាកែវ»មានភាពល្បីល្បាញជាយូរមកហើយ ដោយប្រជាពលរដ្ឋអ្នកចិញ្ចឹមបង្កងនៅទីនោះគឺពួកគាត់ចិញ្ចឹមបង្កងតាមបែបធម្មជាតិ សម្រាប់លក់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងតម្លៃសមរម្យ និងមានរសជាតិបែបបង្កងធម្មជាតិ។ហើយពួកគាត់ក៏មានគម្រោងចងក្រងគ្នាជាសហគមន៍ចិញ្ចឹមបង្កងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់លក់នៅលើទីផ្សារផងដែរ។

បើតាមលោក ឃឹម ​ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទីនោះមានប្រមាណជា២០គ្រួសារ បានចាប់អារម្មណ៍ចង់ចងក្រងគ្នាធ្វើជាសហគមន៍។ សហគមន៍កសិកម្មទំនើប ដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្ម និងរួមគ្នាគ្រប់គ្រងតាមបែបសហគ្រាសសេដ្ឋកិច្ច ហើយដែលមានវិសាលភាពធំគ្រប់គ្រាន់ ដើម្បីទទួលបានផលចំណេញពីសេដ្ឋកិច្ចមាត្រដ្ឋាន នឹងជួយបង្កើនភាពប្រកួតប្រជែងនៃការចិញ្ចឹមបង្កងតាមបែបធម្មជាតិនៅទីនោះ ព្រមទាំងអាចប្រែក្លាយសហគមន៍នេះ ឱ្យទៅជាកសិដ្ឋានដ៏រឹងមាំមួយបាន។

លោកឃឹម ហ្វីណង់បានបន្តទៀតថា សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានកសិដ្ឋានចិញ្ចឹមបង្កងធម្មជាតិដ៏ធំមួយនៅទីនេះ ដើម្បីជំរុញការធ្វើវារីវប្បកម្មប្រកបដោយនិរន្តភាព បង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ និងកាត់បន្ថយសម្ពាធពីការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២