សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមួយថ្នាំញៀនជិត១គីឡូក្រាម

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងថ្នាំញៀនជិត ១គីឡូក្រាម។

ការបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

 

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះរួមមាន៖

១. ឈ្មោះ បឿន សុខលាភ ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ,

២. ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ

៣. ឈ្មោះ សុវណ្ណ រាជ ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។

 

ចំណែកវត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ ១.គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៥០.៩៧ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២