នាវាទេសចរណ៍ខ្នាតយក្ស Westerdam គ្រោងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្តងទៀតនៅចុងខែនេះ

បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់មកតាមនាវាទេសចរណ៍ខ្នាតយក្សមួយនេះ ដើម្បីចូលទស្សនាប្រទេសកម្ពុជា។នេះបើតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ នាវា Westerdam នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់នាក់ ដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបានបដិសេធមិនឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។ ក្រោយការចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីពេលនោះ ភ្ញៀវទេសចរនៅលើនាវានោះ មានសេចក្តីសប្បាយរីករាយរហូតអ្នកខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកាលនោះ សម្តេចតេជោនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោក ជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៌ធំ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងទៀតថា ជាមួយនឹងគម្រោងចូលមកចតជាថ្មីម្តងទៀតរបស់នាវាទេសចរណ៍ខ្នាតយក្សនេះ អាជ្ញាធរ និងផ្នែកពាក់ពន្ធ័បានត្រៀមបម្រុងកិច្ចការជាច្រើន សម្រាប់ការចូលមកចតជាថ្មីម្តងទៀតរបស់នាវានេះ នៅកំពង់ផែក្រុងព្រះសីហនុ៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២