សហភាពអឺរ៉ុបប្រកាសផ្តល់មូលនិធិចំនួន 8.6 លានដុល្លារ សម្រាប់គាំទ្រដល់ប្រជាជនដែលភៀសខ្លួនចេញពីជម្លោះហែកហួរគ្នានៅក្នុងប្រទេសស៊ូដង់

សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះបានប្រកាសផ្តល់មូលនិធិចំនួន 8.6 លានដុល្លារ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្ម និងសុខុមាលភាពរបស់ប្រជាជនរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់។ មូលនិធិនេះគឺជាផ្នែកមួយនៃ 17 លានអឺរ៉ូ ដែលត្រូវបានបញ្ជូនតាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ទៅកាន់ប្រទេសក្នុងតំបន់ជាប់ព្រំដែនស៊ូដង់ រួមទាំងប្រទេសឆាដ និងអេត្យូពីផងដែរ។

កម្មវិធីនេះ មានគោលបំណងរួមបញ្ចូលជនភៀសខ្លួន និងអ្នកវិលត្រឡប់មកវិញនៅក្នុងប្រព័ន្ធផ្តល់សេវា ខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ និងធានាការរួមរស់ដោយសន្តិភាពជាមួយសហគមន៍ម្ចាស់ផ្ទះ។នេះបើយោងតាម លោក Timo Olkonnen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស៊ូដង់ខាងត្បូង បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី Juba ។

Marie-Helene Verney តំណាងប្រចាំប្រទេសរបស់ UNHCR បានសរសើរស៊ូដង់ខាងត្បូងសម្រាប់ការរក្សាព្រំដែនរបស់ខ្លួនបើកចំហសម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីជម្លោះនៅក្នុងប្រទេសស៊ូដង់។ លោក​ស្រី​បាន​និយាយ​ថា ប្រាក់​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ឲ្យ​រស់​នៅ​ឡើង​វិញ។ ការរួមចំណែកនេះគឺជាការបង្ហាញពីសាមគ្គីភាពជាមួយស៊ូដង់ខាងត្បូង និងសហគមន៍ដែលកំពុងទទួលជនភៀសខ្លួន និងអ្នកវិលត្រឡប់មកវិញ។

លោក John McCue ប្រធានបេសកកម្មរបស់ IOM នៅក្នុងប្រទេសស៊ូដង់ខាងត្បូង បាននិយាយថា ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនគឺចាំបាច់ដើម្បីចាប់ផ្តើមជីវិតរបស់ពួកគេឡើងវិញ ដោយបន្ថែមថា IOM និងដៃគូកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិនៅក្នុងប្រទេសស៊ូដង់។

យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សប្រហែល 6.6 លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រប៉ារ៉ាយោធា (RSF) កាលពីពាក់កណ្តាលខែមេសាកន្លងទៅ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២