ជនជាតិប៉ាឡេស្ទីនជាង 30 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើទីក្រុង Jabalia ភាគខាងជើង Gaza កាលពីថ្ងៃអាទិត្យម្សិលម៉ិញ

ជនជាតិប៉ាឡេស្ទីនជាង 30 នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល ទៅលើផ្ទះប្រជាពលរដ្ឋនៅក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ Gaza កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ។

ទូរទស្សន៍ប៉ាឡេស្ទីនបានរាយការណ៍ថា ក្រុមការពារជនស៊ីវិលបានរកឃើញសាកសពជាង 30នាក់ ។ហើយមនុស្ស​ប្រហែល ១០០ នាក់​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​នៅ​តែ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែកនៃអគារទាំងនោះ។

កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីលើតំបន់ Gaza ជាការសងសឹកចំពោះការលុកលុយឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលាកន្លងទៅនេះ។

ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 18 800នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលភាគច្រើនជាស្ត្រី និងកុមារ និង 51,000 នាក់បានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ Gaza ។

យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមានចំនួន 1,200 នាក់ ខណៈដែលចំណាប់ខ្មាំងជាង 130 នាក់នៅតែត្រូវបានចាប់ខ្លួន ដោយក្រុមប៉ាឡេស្ទីននៅក្នុងតំបន់ Gaza ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២