ដឹងតែល្អមើលហើយស្អែកនេះ! ឈឿន ល្វៃ បោះសម្តីថា «ប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយទាំងមូលយកពិន្ទុធ្វើអី ខ្ញុំចង់ផ្ដាច់យកឈ្នះតែម្ដង ដើម្បីកុំឱ្យពិបាកបូកពិន្ទុកាត់សេចក្តី»

ភ្នំពេញ៖ អ្នកលេងផ្លែកែង ដ៏មុតស្រួចជង្គង់តាន់ ឈឿន ល្វៃ បានបោះពាក្យសម្ដីមិនប្រណីមាត់ទៅកាន់គូប្រកួតមកពីប្រទេសប្រេស៊ីលយ៉ាង មានទំនុកចិត្ត ខណៈការប្រកួតនឹងឈានចូលមកដល់នៅយប់ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2023 ស្អែកនេះ នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ ។

សម្តីប៉ុន្មានម៉ាត់របស់កីឡាករ ឈឿន ល្វៃបានធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ទស្សនាការប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ នាថ្ងៃស្អែកនេះជាខ្លាំង។ដោយកីឡាករ ឈឿន ល្វៃ នឹងត្រូវជួបប្រកួតជាមួយកីឡាករ Bento ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសប្រេស៊ីល ដើម្បីដណ្តើមខ្សែក្រវ៉ាត់ IPCC Ganzberg Kun Khmer World Championship ។

 

ឈឿន ល្វៃបានប្រាប់សារព័ត៌មានថោនឲ្យដឹងថា កីឡាករប្រេស៊ីលរូបនេះ ក៏ខ្លាំងមិនធម្មតាដែរ អ៊ីចឹងដើម្បីកុំឲ្យពិបាកកាត់សេចក្តីដាក់ពិន្ទុឈ្នះចាញ់ រូបគេចង់ប្រកួតផ្ដាច់យកឈ្នះតែម្ដង។ហើយរូបគេបានដឹងច្បាស់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់គូប្រកួត ដោយកីឡាករប្រេស៊ែលរូបនោះគឺជាកីឡាករម្នាក់ដែលមានកែងមុតស្រួចជង្គង់ខ្លាំងមិនខុសពីរូបគេប៉ុន្មានឡើយ ហើយកីឡាករប្រេស៊ីលរូបនោះក៏ធ្លាប់ជាដៃគូប្រកួតរបស់កីឡាករជើងខ្លាំងធឿន ធារ៉ា នាពេលកន្លងមក នៅក្នុងជំនួបនៃការប្រកួតដណ្ដើមឡានផងដែរ។

ដោយហេតុថា ខ្លួនមានមហិច្ឆតាខ្ពស់ក្នុងឈាមជ័រជាអ្នកប្រយុទ្ធគុនខ្មែរ ឈឿន ល្វៃ មានទំនុកចិត្តខ្ពស់នៅក្នុងការប្រកួតលើកនេះខ្លាំងណាស់ ហើយរូបគេប្រហែលជាមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។

 

ព្រឹត្តិការណ៍ប្រកួត នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2023 ស្អែកនេះ កម្មវិធីនឹងចាប់ពីវេលាម៉ោង 8:00 យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បងប្អូនអាចចូលទស្សនាព្រឹត្តិការណ៍ប្រកួតនេះ ដោយសេរី។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ផេក TOWN FULL HDTV ,Town Sports និងBeer GANZBERG៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២